ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះបានហើយត្រូវបានជនរងគ្រោះដេញតាមពីក្រោយស្រែកឆោឡោថាចោរៗ ធ្វើឱ្យក្រុមជនសង្ស័យភ័យរហូតដួលម៉ូតូត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ រីឯ៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងត្រង់ចំណុចមុខក្រុមហ៊ុនរិទ្ធមុនីដឹកអ្នកដំណើរក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូហុងដាឌ្រឺមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៦ឈប់និយាយទូរស័ព្ទ រួចហើយចុះទិញអីវ៉ាន់នៅខាងក្រោយមន្ទីរពេទ្យកុមារជាតិក្នុងសង្កាត់ទឹកល្អក់ទី១ ខណៈពេលឈប់ទិញអីវ៉ាន់នោះស្រាប់តែលេចមុខជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង គឺ២នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច មិនចាំស្លាកលេខ រីឯ២នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រឺម សេ១២៥មិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone មួយគ្រឿងពីនារីរងគ្រោះ។ បន្ទាប់ពីឆក់យកទូរស័ព្ទបានហើយ ជនសង្ស័យទាំង៤នាក់នោះបានជិះម៉ូតូរត់គេចខ្លួនយ៉ាងលឿន ចំណែកជនរងគ្រោះបានជិះម៉ូតូដេញតាមក្រោយស្រែកថាចោរៗតាមបណ្ដោយផ្លូវម៉ៅសេទុង។លុះមកដល់ចំណុចមុខក្រុមហ៊ុនរិទ្ធមុនីដឹកអ្នកដំណើរក៏ត្រូវបានប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបជួយដេញតាមធាក់ផ្តួលម៉ូតូជនសង្ស័យម៉ាកហុងដាឌ្រីមសេ១២៥ដួលធ្លាក់អ្នកជិះពីក្រោយត្រូវបានប្រជាពលរដ្ឋចាប់ក្របួចបានប្រគល់ឱ្យសមត្ថកិច្ច។ចំណែក៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ ក្រោយកើតហេតុជនសង្ស័យដែលឃាត់ខ្លួនបានត្រូវបញ្ជូនខ្លួនទៅសួរនាំនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖