ភ្នំពេញ៖ កាលពីយប់ម្សិលមិញ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដឹកនាំកម្លាំងចំរុះឃាត់ខ្លួនក្រុមកីឡាករបាល់ទះ និងបាល់ទាត់ បានជាច្រើននាក់ ដឹកយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំគ្នាបំពានទៅនឹងសេចក្តីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ គឺធ្វើឡើងនៅចំណុចភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ដល់យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះកំលាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះឃាត់ទីតាំង ការជួបជុំគ្នាលេងបាល់១កន្លែង ល្មើសនិងសេចក្តីសម្រេចលេខ២៤៩/២១ សសរ ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
បច្ចុប្បន្នបានឃាត់ខ្លួន មនុស្សចំនួន២៥នាក់ ស្រី៣នាក់ និងប្រុស២២នាក់ ជាមួយម៉ូតូ២១គ្រឿងបានបញ្ជូនទៅអធិការខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។
គួរតែដឹងហើយថា ការជួបជុំ ប្រមូលផ្ដុំគ្នា ត្រូវបានហាមឃាត់ ដើម្បីរក្សាឱ្យមានគម្លាតសុវត្ថិភាពសង្គម ជៀសផុតពីការឆ្លងជំងឺ covid-19 ផ្ទុយទៅវិញក្រុមយុវជនទាំងនេះនៅតែគឃ្លើននឹងច្បាប់ នាំគ្នាមកយ៉ាងពពាក់ពពូនប្រមូលផ្ដុំលេងកីឡាបាល់ទាត់ ទើបសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរតាមនីតិវិធីនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
ដោយ ៖ សិលា