ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

ចែករំលែក៖

ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល ២០ឆ្នាំ ក្រោមលេសធ្វើសង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្គានីស្ថានវិញដោយទុកឲ្យប្រជាជននៃ ប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។ 

ក្រុមតាលីបង់ដែលអាមេរិកបានធ្វើ សង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញ ហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្គានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេសបានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្គានីស្ថានយ៉ាងប្រសេចប្រសាចក្រោមស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។ 

អ្វីដែលគួរឲ្យអណោចអធមបំផុតនោះ គឺស្ត្រី និងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់ រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ រូបភាពអគារបាក់បែកដោយសារសង្គ្រាម រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម រូបភាពមនុស្សរងរបួស និងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ 

សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុតនិងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្គានីស្ថាននោះឡើយ។ សោកនាដកម្មដែល កំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របសសហរដ្ឋអាមេរិក»តែប៉ុណ្ណោះ។ 

ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជា និងវៀតណាម កាលពីកន្លះសតវត្សរ៍កន្លងទៅ»។ កាលណោះ សហរដ្ឋអាមេរិកដែលនៅពីក្រោយរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ប៉ុន្តែ៥ឆ្នាំក្រោយមក ស្រាប់តែអាមេរិកបានដោះដៃចេញពីកម្ពុជា ដោយទុកឲ្យរបបខ្មែរក្រហមវាយដណ្តើមយកជ័យជំនះ លើរបប លន់ នល់ ហើយបានចូលកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូបភាពប្រទេសកម្ពុជា នៅពេលនោះ គឺដូចគ្នាបេះបិតនឹងអ្វីដែលបាននិងកំពុងកើតមាននៅអាហ្វហ្គានីស្ថាននាពេលនេះដែរ។ 

ពួក ប៉ុល ពត បានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាងពីរលាន នាក់ក្រោមក្រសែភ្នែកមិនអើពើរបស់សហគមន៍អន្តរជាតិ។ ជាភ័ព្វសំណាង ប្រជាពលរដ្ឋខ្មែរបានរួចរស់មានជីវិត និងបានស្គាល់សុខសន្តិភាពដូចបច្ចុប្បន្ន ដោយសារចលនារណសិរ្ស ២ ធ្នូ ១៩៧៨ និងជ័យជំនះ ៧ មករា ១៩៧៩ កុំអីខ្មែរប្រហែលជាដាច់ពូជពីភពផែនដីបាត់ទៅហើយ។ 

ឥឡូវនេះ កន្លះសតវត្សរ៍ក្រោយមក រូបភាពដូចគ្នានេះក៏បាននិងកំពុងកើតឡើងវីញជាថ្មីនៅលើទឹកដីអាហ្វហ្គានីស្ថាន។ ក្រោមហេតុផលនៃការតាមប្រម៉ាញ់បណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ សហរដ្ឋអាមេរិកក៏បានលើកទ័ពធ្វើសង្គ្រាមចូលលុកលុយប្រទេសអាហ្គានីស្ថានកាលពីឆ្នាំ២០០១ ដោយបានផ្តួលរំលំរបបតាលីបង់ ហើយបានបង្កើតរបបដឹកនាំថ្មីមួយដែលខ្លួនគិតថា មានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ 

ប៉ុន្តែ រយៈពេល២០ឆ្នាំនៃការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកមិនបានកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនប្រទេសនេះដូចដែលខ្លួនបានអះអាងនោះឡើយ។ សូម្បីតែការអភិវឌ្ឍន៍ប្រទេសនេះក៏អាមេរិកមិនបានអើពើដែរ។ 

២០ឆ្នាំក្រោយមក ដោយយល់ឃើញថា ខ្លួនគ្មានលុយសម្រាប់ចំណាយទៅលើសង្គ្រាមនេះទៀតទេ និងដោយយល់ឃើញថា ប្រទេសនេះគ្មានប្រយោជន៍ទៀតឡើយ អាមេរិកក៏បានដោះដៃចោលអាហ្វហ្គានីស្ថានដោយទុកឲ្យពួកសកម្មប្រយុទ្ធតាលីបង់វាយលុកចូលកាន់កាប់ជាថ្មី ហើយប្រហែលជាមិនយូរប៉ុន្មានទៀតទេ រដ្ឋាភិបាលទីក្រុងកាប៊ុលដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនឹងដួលរលំ។

តើប្រជាជនអាហ្វហ្គានីស្ថានបានទទួលអ្វីខ្លះពីរដ្ឋាភិបាលដែលបន្តុបឡើងដោយសហរដ្ឋអាមេរិក? តើឯណាទៅប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថានបន្ទាប់ពីស្ថិតក្នុងកណ្តាប់ដៃអាមេរិកអស់រយៈពេល ២០ឆ្នាំ? ទាំងនេះគឺជាសំណួរដែល ពិពភលោកទាំងមូលកំពុងចោទសួរ។ សំណួរនេះពិតជាមានអត្ថន័យណាស់សម្រាប់មនុស្សជាតិ នៅលើភពផែនដី ជាពិសេស នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចដែលបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែត្រូវបានគេលើកមកធ្វើជាលេសសម្រាប់ធ្វើបាបប្រទេសទន់ខ្សោយ។

ម្យ៉ាងវិញទៀត ប្រសិនបើបញ្ហាសិទ្ធមនុស្ស និងប្រជាធិបតេយ្យ ពិតជាតំលៃស្នូលរបស់សហរដ្ធអាមេរិកដូចការពើងទ្រូងអះអាងមែននោះ គឺអាមេរិកពិតជាមិនដកទ័ព និងបោះបង់ប្រជាជនអាហ្វហ្កានីស្ថានចោលនោះទេ។ ប៉ុន្តែការដកទ័ពចេញពីអាហ្គានីស្ថាននេះ គឺអាចថាអាមេរិកកំពុងប្រើយុទ្ធសាស្ត្រ «ព្រួញមួយបាញ់យកចាប៣» ពោលគឺ អាមេរិកកំពុងបង្វែរសមរភូមិទៅទប់ជាមួយរុស្ស៊ីផង ទប់ជាមួយចិនផង និងបំពេញចិត្តពួកអឺរ៉ុបផង។

ទី១៖ អាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន ហើយយកទៅពង្រាយនៅជិតតំបន់ Crimée/Crimea ដើម្បីគំរាម និងទប់រុស្ស៊ីក្នុងករណីរុស្សីវ៉ៃយកប្រទេស៣ នៅតំបន់បាល់ទីក ដែលជាអតីតរដ្ឋចំណុះ អតីតសហភាពសូវៀត ហើយដែលបានផ្តាច់ខ្លួនចេញទាមទារឯករាជ្យមុនគេហើយ។

ទី២៖ ការដាក់ពង្រាយទ័ពនៅជិតតំបន់ Crimée/Crimea នេះ ក៏អាចនឹងទទួលបាននូវសមានចិត្តខ្លះពីពួកអឺរ៉ុបផងដែរ ពីព្រោះពួកអឺរ៉ុបបារម្ភខ្លាចសង្គ្រាមផ្ទុះម្តងទៀតចេញពីទឹកដីរបស់ខ្លួន។

ទី៣៖ ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន គឺ អាមេរិកបានដឹងច្បាស់ណាស់ថា ខ្លួនពិតជាមិនអាចយកឈ្នះសង្គ្រាមលើពួកតាលីបង់នេះបានទេ ហើយម៉្យាងវិញទៀត ពួកតាលីបង់នេះ ក៍ជាអ្នកគាំទ្រពួក Uighur នៅតំបន់ស៊ីនជាំងដែលអាមេរិកកំពុងប្រើប្រាស់ជាលេសដើម្បីចោទប្រកាន់ និងប្រឆាំងទីក្រុងប៉េកាំងដែរ។ 

ដូច្នេះ ជោគវាសនារបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ មិនមែនជារឿងធំដុំនោះឡើយសម្រាប់សហរដ្ឋអាមេរិក។ កម្ពុជា និងវៀតណាមកាលពីអតីតកាល និងអាហ្វហ្គានីស្ថាន នាពេលនេះ មិនមែនជាប្រទេសតែ៣គត់ដែលបានទទួលមេរៀនដ៏ជូរចត់បែបនេះនោះទេ។ នៅមានប្រទេសជាច្រើនទៀត ដែលបានភ្លក់រសជាតិ នៃការលើកទ័ពវាយលុកចូលពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រោមហេតុផលផ្តួលរំលំរបបផ្តាច់ការ ហើយនាំមកនូវ

ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនដល់ប្រទេសទាំងនោះ។ 

ប្រទេសទុយនេហ្ស៊ី អ៊ីរ៉ាក់ លីប៊ី ស៊ីរី និងអេហ្សីបសុទ្ធសឹងជាឧទាហរណ៍យ៉ាងជាក់ស្តែងបំផុតដែលទទួលរងគ្រោះនារយៈពេលចុងក្រោយនេះ។ ក្រោយការលើកទ័ពឈ្លានពានដោយ ត្រង់ៗ ឬក្រោមការគាំទ្រចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំ រដ្ឋាភិបាលចាស់ ហើយលើកបន្តុបរដ្ឋាភិបាលថ្មី បណ្តាប្រទេសទាំងនោះបានធ្លាក់ចូលក្នុងសភាពយ៉ាប់យ៉ឺន និងខ្ទេចខ្ទាំលើសដើម។ វាមិនខុសអ្វីពីសុភាសិតចាស់បូរាណថា«ប្រាក់ក៏បង់ថង់ក៏ដាច់»នោះឡើយ មានន័យថា «ប្រទេសក៏ខ្ទេចខ្ទី រីឯប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏គ្មាន»ដែរ។ 

ពេលនេះ សំណួរដែលគេផ្តោតការយកចិត្តទុកដាក់បំផុតនោះគឺ តើប្រជាជនអាហ្វហ្គានីស្ថាននឹងមានជោគវាសនាទៅជាយ៉ាងណា? ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ? ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ ប្រជាជនអាហ្វហ្គានីស្ថាននឹងធ្លាក់ក្នុងសភាពរងទុក្ខ

វេទនាគ្មានទីបញ្ចប់ ហើយក៏គ្មានអ្នកណាទទួលខុសត្រូវដែរ។ 

សហគមន៍អន្តរជាតិបានត្រឹមតែសោកស្តាយ និងបានត្រឹមនិយាយតែមាត់ ប៉ុន្តែក៍មិនអាចជួយអ្វីដល់ប្រជាជន និងប្រទេសអាហ្វហ្គានីស្ថានបានឡើយ។ មានតែប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះដែលជាអ្នកកំណត់ជោគវាសនាខ្លួន ដោយខ្លួនឯង។ 

តាមរយៈបទពិសោធន៍កាលពីអតីតកាល និងក៏ដូចជាអ្វីដែល ប្រទេសអាហ្វហ្គានីស្ថានកំពុងជួបប្រទេះនាពេលនេះ គេអាចទាញ សេចក្តីសន្និដ្ឋានបាន យ៉ាងច្បាស់លាស់ថា «អ្នកនយោបាយ និងប្រជាពលរដ្ឋនៃប្រទេសនីមួយៗត្រូវរួមគ្នាដើម្បីកំណត់ជោគវាសនារបស់ខ្លួនដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេស នោះឡើយ»។ «អ្នកនយោបាយ និងមេដឹកនាំដែលឆ្លាតគឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួនតែមិនធ្វើជារណប រឺជាអាយ៉ង កូនអុកបរទេសឡើយ»។ «រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែពឹងបរទេសឲ្យជួយផ្តួលរំលំរដ្ឋាភិបាល បច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំក្រោមលេស «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» គឺជាអ្នកនយោបាយដែលអន់បំផុត ល្ងង់បំផុត និងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ»។ នេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុកជាមេរៀនប្រវត្តិសាស្ត្រជានិច្ច និងមិនត្រូវភ្លេចខ្លួនឡើយ៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យកំពង់ចាម


ចែករំលែក៖