ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ប្រកាសជ័យជម្នះ សង្គ្រាមអាហ្វហ្គានីស្ថានបានបញ្ចប់

ចែករំលែក៖

ពីវិមានប្រធានាធិបតីនៅរដ្ឋធានីកាប៊ុល ក្រុមតាលីបង់បានប្រកាសថា សង្គ្រាមដែលបានអូសបន្លាយជាង២០ឆ្នាំត្រូវបានបញ្ចប់ហើយ នៅអាហ្វហ្គានីស្ថាន ហើយនិងត្រូវប្រកាសពីទម្រង់គ្រប់គ្រងច្បាស់លាស់នៅក្នុងទឹកដីនេះនាពេលឆាប់ៗខាងមុខ។
នៅថ្ងៃទី១៥ ខែសីហា អ្នកនាំពាក្យការិយាល័យនយោបាយរបស់ក្រុមតាលីបង់ បានប្រកាសតាមកញ្ចក់ទូរទស្សន៍ Al-Jazeera ថា សង្គ្រាមក្នុងទឹកដីអាហ្វហ្គានីស្ថានបានបញ្ចប់ ហើយក្រុមតាលីបង់នឹងប្រកាសទម្រង់គ្រប់គ្រងក្នុងពេលដ៏ខ្លីខាងមុខនេះ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Mohammad Naeem បានបញ្ជាក់ថា ក្រុមតាលីបង់នឹងមិនសំដៅគោលដៅទៅលើស្ថាប័នបរទេស ឬបណ្តាស្ថានទូតនៅក្នុងប្រទេសនេះឡើយ ។ ជាមួយគ្នានេះដែរ ក្រុមតាលីបង់បានសន្យារក្សាសន្តិសុខ សុវត្ថិភាពដល់ពលរដ្ឋនិងស្ថាប័នការបរទេសនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។
លោក Mohammad Naeem បញ្ជាក់ថា «យើងបានពិភាក្សាជាមួយបណ្តាមន្ត្រីអាហ្វហ្គានីស្ថាន ហើយធានាដល់ពួកគាត់ទទួលបានការការពារសន្តិសុខ មិនរងការធ្វើទុក្ខដាក់ទោសនោះឡើយ»។
នៅថ្ងៃទី១៥ខែសីហា កម្លាំងក្រុមតាលីបង់ បានចូលដល់ទីក្រុងកាប៊ុល ហើយប្រធានាធិបតី Ashraf Ghani បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយមិនចង់បង្ហូរឈាម ។ ទាំងនោះមានន័យថា ក្រុមតាលីបង់នឹងគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានឡើងវិញក្រោយរយៈពេល២០ឆ្នាំនៃសង្គ្រាម។
អ្នកនាំពាក្យក្រុមតាលីបង់ បានបញ្ជាក់ថា នៅទីបំផុតយើងក៏មើលឃើញសមិទ្ធផលនៃការខិតខំលះបង់រយៈពេល២០ឆ្នាំកន្លងមក ។ លោកNaeemបន្តទៀតថា «យើងទទួលបានអ្វីដែលយើងកំពុងស្វែងរកគឺ សេរីភាពរបស់ប្រទេសជាតិនៃឯករាជ្យប្រជាជន»៕

ដោយ៖ធីរីណា(រូបភាព៖ REUTERS)


ចែករំលែក៖