ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអាមេរិកបាញ់ឡើងលើអាកាសព្រមានក្រោយពលរដ្ឋអាហ្វហ្គានីស្ថានសម្រុកទៅកាន់អាកាសយានដ្ឋានបង្កភាពចលាចល

ចែករំលែក៖

កម្លាំងទាហានអាមេរិកដែលនៅគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល បានបាញ់ឡើងលើអាកាសដើម្បីទប់ស្កាត់ពលរដ្ឋដែលសម្រុកចូលអាកាសយានដ្ឋាន ធ្វើឲ្យយន្ហហោះដឹកមន្ត្រីទូតអាមេរិក និងបុគ្គលិកមិនអាចហោះហើរបាន។
ពលរដ្ឋរាប់ពាន់នាក់បានសម្រុកទៅកាន់អាកាសយានដ្ឋានដើម្បីចេញពីប្រទេសក្រោយក្រុមតាលីបង់ប្រកាសគ្រប់គ្រងបានរដ្ឋធានីកាប៊ុលនៅយប់ថ្ងៃទី១៥ខែសីហា ។ កម្លាំងទាហានអាមេរិក នៅបន្តរក្សាសន្តិសុខក្នុងអាកាសយានដ្ឋាន ដើម្បីជម្លៀសពលរដ្ឋនិងមន្ត្រីទូតអាមេរិក។
ក្នុងពេលជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗ បានប្តូរទិសដៅហោះហើរ បញ្ចៀសដែនអាកាសអាហ្វហ្គានីស្ថាន ។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines, British Airways និង Virgin Atlantic បានសម្រេចមិនហោះឆ្លងកាត់ដែនអាកាសទឹកដីអាហ្វហ្គានីស្ថានឡើយ។

ក្នុងពេលជាមួយគ្នានេះដែរក្រុមតាលីបង់បានប្រកាសថា នឹងមិនប៉ះពាល់ដល់ជនបរទេសឬពលរដ្ឋអាហ្វហ្គានីស្ថានស្លូតត្រង់នោះឡើយ ។ ក្រុមតាលីបង់ក៏បានប្រកាសថា នឹងបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសតាមរយៈការទូត ដើម្បីអភិវឌ្ឍប្រទេសជាតិ ដោយធានាថា ទឹកដីអាហ្វហ្គានីស្ថានមិនសម្រាប់ក្រុមភេរវកម្មប្រឆាំងបណ្តាប្រទេសលោកខាងលិចនោះឡើយ៕

ដោយ៖ធីរីណា(រូបភាព៖Tienphong.vn)


ចែករំលែក៖