ព័ត៌មានទាន់ហេតុការណ៍៖

លោក លន់ រួប មេឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលមរណភាព ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប៖ លោក លន់ រួប មេឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលមរណភាព ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងថា, កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៥០ នាទី លោក លន់ រួប មេឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលមរណភាព ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានបន្តថា, ខ្ញុំបាទ មានការសោកស្តាយ ដោយឃុំកំពង់ថ្កូវ បានបាត់បង់នូវមេឃុំ ដ៏ល្អម្នាក់ គឺ លោក លន់ រួប លោកគឺជាបុគ្គលដែលមានចរិកសុភាពរាបសារ ស្លូតបូត និងជាទីគោរពស្រលាញ់នៃប្រជាជនឃុំកំពង់ថ្កូវ លោកមេឃុំ លន់ រួប គាត់បានលះបង់កម្លាំងកាយ កម្លាំងចិត្ត បម្រើប្រទេសជាតិអស់រយៈពេល៤២ឆ្នាំ ដោយមិនគិតអំពីការនឿយហត់ និងបានចូលរួម ការពារ និងអភិវឌ្ឍ ឃុំកំពង់ថ្កូវ ឲ្យទទួលបានការរីកចម្រើន គ្រប់វិស័យ រហូតមកដល់ដង្ហើមចុងក្រោយនេះ។
ខ្ញុំបាទ សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព ។
ខ្ញុំបាទ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោកមេឃុំ លន់ រួប បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖