ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលថៃ​ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង ២,១ម៉ឺននាក់​ ខណៈ​អ្នកជំងឺបានស្លាប់ចំនួ​ន​ ១៨២នាក់បន្ថែមទៀត​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,១៥៧ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន ១៨២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ជាក់ស្ដែង​ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៤៩៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៥៨ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ២០,៩៨៤នាក់ផ្សេងទៀត ទើបតែជាសះស្បើយ​ ហើយ​ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបាន ២៣.២លានដូស ក្នុងនោះប្រជាជន ៥.០៣លាននាក់ (៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩២០,៦០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៦៤០នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧០៩,៦៤៦នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖