ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រម៉ាឡេស៊ី ជ្រើសរើសលោក Muhyiddin ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

ចែករំលែក៖

ព្រះមហាក្សត្រម៉ាឡេស៊ី ចង់ឲ្យលោក Muhyiddin កាន់តំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មាននាយករដ្ឋមន្ត្រីថ្មី ដោយសារតែស្ថានភាពនៃកូវីដ-១៩ ឆ្លងរាលដាលខ្លាំងក្នុងប្រទេសនេះ មិនអាចរៀបចំការបោះឆ្នោតបានឡើយក្នុងពេលនេះ។
នៅថ្ងៃទី១៦ខែសីហា រាជវាំងម៉ាឡេស៊ីបានប្រកាសថា ព្រះមហាក្សត្រ Al-Sultan Abdullah បានទទួលលិខិតលាលែងចេញពីតំណែងរបស់លោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រី ប៉ុន្តែព្រះមហាក្សត្រ ជ្រើសរើសលោក Muhyiddin Yassin ឲ្យបន្តកាន់តំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្នដឹកនាំប្រទេសជាបន្តទៀត ។
នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក រាជវាំងម៉ាឡេស៊ីបានប្រកាសថា ព្រះមហាក្សត្រ
បានយល់ព្រមឲ្យនាយករដ្ឋមន្ត្រី Muhyiddin Yassin លាលែងចេញពីតំណែង រួមជាមួយនឹងគណៈរដ្ឋមន្ត្រី។ ប៉ុន្តែព្រះមហាក្សត្រស្នើឲ្យបន្តកាន់តំណែងដដែលជាបណ្តោះអាសន្នរង់ចាំមាននាយករដ្ឋមន្ត្រីថ្មីមកជំនួសវិញ។
ព្រះមហាក្សត្រម៉ាឡេស៊ីបានបញ្ជាក់ថា បច្ចុប្បន្នមិនមែនជាពេលវេលាសមស្របសម្រាប់រៀបចំការបោះឆ្នោតនោះឡើយ ។ ចំនួនអ្នកស្លាប់ និងឆ្លងកូវីដ-១៩ នៅក្នុងប្រទេសម៉ាឡេស៊ីមានខ្ពស់។
វិបត្តិនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីកើតឡើងជាច្រើនខែកន្លងមកហើយ ពាក់ព័ន្ធនឹងគោលនយោបាយដំណោះស្រាយសេដ្ឋកិច្ចជាតិ និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ៕

ដោយ៖ធីរីណា(រូបភាព៖AFP/TTXVN)


ចែករំលែក៖