ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីប្រជាពលរដ្ឋចំនួន ៤ភូមិដែលចោទប្រកាន់ថាម្ចាស់ឃ្លាំងស្តុកជ័របានបង្ហូរទឹកស្អុយលេីដីផ្លូវសាធារណ:នៅស្រុកពញាក្រែករួចមក ខាងតំណាងរោងចក្របានបំភ្លឺនិងអះអាងថា បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ និងការអន្តរាគមន៍ណែនាំពីខាងអាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញរួចមក ខាងរោងចក្របានបាញ់ថ្នាំបំបាត់ក្លិន និង ដាក់ជីអិចអុឺមនិងម្សៅកំបោរ បំបាត់ក្លិនស្អុយជាប្រចាំ និងបានទប់ជាទំនប់មិនឱ្យទឹកហូរចេញក្រៅទៀតនោះទេ ។
ឃ្លាំងស្តុកជ័រកៅស៊ូស្អុយ មានចំងាយពីរង្វង់មូលចូលប្រធាតុ ប្រមាណជាង៩០០ម៉ែត្រ តាមថ្នល់ជាតិលេខ៧ ស្ថិតនៅចំណុចភូមិទួលជ័រ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ទីតាំងស្តុកជ័រនេះ ប្រជាពលរដ្ឋបានលេីកឡេីងថា បានបង្កបញ្ហាបរិស្ថានធ្វើឲ្យប៉ះពាល់ដល់សុខភាពដែលងាយប្រឈមជួបគ្រោះថ្នាក់ទៅថ្ងៃមុខ ដែល មានចំនួន៤ភូមិដូចជា ៖ ភូមិទួលជ័រ ភូមិពោធិ៍ ភូមិប្រធាតុ និងភូមិ អណ្តោត ។
ជុំវិញនឹងការលើកឡើងពិទុក្ខព្រួយរបស់ពលរដ្ឋខាងលេីនេះ តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេ នៅថ្ងៃអាទិត្យ១៥សីហា លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ លោកបានឆ្លើយប្រាប់អ្នកយកព័ត៌មានដូច្នេះថា «ខាងស្រុកបង្កើតក្រុមការងារចុះដោះស្រាយម្តងហើយ។ ពេលចូលធ្វើការវិញ ខ្ញុំនឹងអោយមន្ត្រី ចុះពិនិត្យ» ។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែកបានប្រាប់អ្នកយកព័ត៌មានតាមតេឡេក្រាមនៅរសៀលថ្ងៃអាទិត្យ១៥សីហានេះដែរថា «ខ្ញុំបានចាត់មន្ត្រីចុះពិនិត្យ និងណែនាំអោយម្ចាស់អាជីវកម្មអនុវត្តកិច្ចការនេះហេីយ » ។ លោកសុភាលីន ថែមទាំងថ្លែងអរគុណដល់អ្នកសារព័ត៌មានដែលបានចូលរួមផ្តល់ព័ត៌មានជូនលោក ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែទទូចស្នើសុំអោយអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធឯទៀត ចុះមកពិនិត្យការបង្ហូរទឹកស្អុយលេីដីសាធារណ:និងសូមឲ្យអនុវត្តផ្លូវច្បាប់លើម្ចាស់ឃ្លាំងនេះផង ។ ហើយក្នុងនាមជាអាជ្ញាធរ មិនគួរផ្តល់គំរូអាក្រក់ដល់ប្រជាពលរដ្ឋបែបនេះទេ ។ ការបណ្តោយឲ្យអ្នកមានលុយបង្ហូរទឹកស្អុយបែបនេះបានបង្កផលប៉ះពាល់បរិស្ថាន ជះក្លិនស្អុយ រុយរោមបង្កផលប៉ះពាល់ដល់សុខភាពទៅថ្ងៃខាងមុខ ៕
ដោយ ៖ វណ្ណៈ