ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌបឹងកេងកងបញ្ជូនខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចចូលផ្ទះប្រជាពលរដ្ឋដើម្បីលួចសម្ភារទៅកាន់តុលាការ

ចែករំលែក៖

  ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ដែលធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋដើម្បីលួចសម្ភារមានតម្លៃនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌបឹងកងកេងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ជូនតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ត។

  ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ

១- ឈ្មោះ គាត ពិសិដ្ឋ​​ ហៅសិដ្ឋតូច ភេទប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅមិនពិត​ប្រាកដ មុខរបរ: គ្មាន​ (ប្រើប្រាស់ថ្នាំញៀន)​។​ 

២-​ឈ្មោះ គឹម វណ្ឌី ហៅវណ្ឌី ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២០៩ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មុខរបរ: ប្រជាការពារ (ប្រើប្រាស់ថ្នាំញៀន)​។​ 

៣-ឈ្មោះ ទួន ផាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមាន​ជ័យខណ្ឌមានជ័យ មុខរបរ: កម្មករ​ផ្សារ​ដើមគ។​

គួររំលឹកផងដែរថា កាលពីវេលាម៉ោង​៣និង១០នាទីទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពលួចចូលផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកសម្ភារមានតម្លៃបានសម្រេច ហើយម្ចាស់ផ្ទះបានប្តឹងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យជួយស៊ើបដើម្បីបង្រ្គាបជនសង្ស័យទាំងនោះ។ លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកបានធ្វើការ​ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពីបទ៖ សមគំនិត​ក្នុងអំពើលួច​ (សម្ភារ) នៅចំណុចមុខផ្ទះលេខ១៤z ផ្លូវលេខ​២០៧ ក្រុមទី២៦ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង​កង រាជធានីភ្នំពេញ ។ 

ក្នុងនោះមានវត្ថុតាងដូចជា ៖ តុឈើចំនួ​ន​១, គ្រែឈើចំនួ​ន១, ហ្គីតាក្នុងស្រោមចំនួន១, ក្បាលកុំព្យូទ័រចំនួន១​គ្រឿងម៉ាកឌែល(ក្នុងបន្ទប់ដេករបស់ឈ្មោះ​គឹម វណ្ឌដា) ធុងសាំងចំនួ​ន១​ពណ៌ក្រហម និងកាងរថយន្ដចំនួ​ន២ពណ៌ស​និងពណ៌ខ្មៅ (នៅមុខផ្ទះ) រនូតគ្រែចំនួ​ន​២៣ដើម,ទ្វារដែកចំនួ​ន១,ទ្វារឈើចំនួន១​និងកញ្ចក់ពណ៌ខ្មៅមួយផ្ទាំង(នៅមុខឃ្លាំងក្បែរផ្ទះជនសង្ស័យ) ជារបស់ជនរងគ្រោះ។វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាននេះត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ ដោយមា​នការឯកភាពពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ។

នាពេលបច្ចប្បន្ននេះ ជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ លោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ៕

ដោយ៖ (Ra Ra)


ចែករំលែក៖