ភ្នំពេញ ៖ បុរសម្នាក់ដែលជាអតីតមន្ត្រីយោធាផ្កាយ២ម្នាក់មានឈ្មោះ សូយ ចាន់សឿន ដែលកំពុងជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីសាកសួរលើសំណុំរឿងថ្មីមួយទៀតដែលជនត្រូវចោទបានប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាលាដំបូងបានប្រាប់ឱ្យដឹងថា ជនជាប់ចោទឈ្មោះសូយ ចាន់សឿន ត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឲ្យនាំខ្លួនមកសាកសួរក្នុងសំណុំរឿង ប្ដឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅភ្នំពេញកាលពីឆ្នាំ២០២០ តាមមាត្រា ៣១១ មាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ ដោយមានដើមបណ្ដឹងឈ្មោះ កើត ខេង ជាដើមបណ្ដឹងរដ្ឋប្បវេណី ។
លើសពីនេះទៀត អង្គហេតុដែលបង្កឲ្យមានការប្ដឹងមន្រ្តីយោធាឈ្មោះ សូយ ចាន់សឿន អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធាពាក់ផ្កាយ២ និងឈ្មោះ សូ បិនឡា អាយុ ៤៣ឆ្នាំ បានរួមគ្នាប្ដឹងឈ្មោះ កើត ខេង នៅថ្ងៃទី ២៣ ខែមិីនា ឆ្នាំ ២០២០ ដោយចោទពីបទ « លួច បទឆបោក និងបទ ក្លែងលិខិតសាធារណៈ » ប៉ុន្តែក្រោយពីបើកការសើុបអង្កេតរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច តម្កល់រឿងទុកឥតចាត់ការ ដោយសារពុំមានបទល្មើសដូចការប្ដឹង តាមដីកាសម្រេចទុកឥតចាត់ការលេខ ១៥៣៩ អ យញ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ ប៉ុន្តែ ឈ្មោះ សូយ ចាន់សឿន បានប្ដឹងឧទ្ធរណ៍ចំពោះដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូង ហើយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ដីកាសម្រេចរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។
បន្ថែមពីនេះទៀតថា ចំពោះការប្ដឹងរបស់ឈ្មោះ សូយ ចាន់សឿន និង សូ បិនឡា ទៅលើឈ្មោះ កើត ខេង ពួកគេបានរៀបរាប់នៅក្នុងបណ្ដឹងថា ឈ្មោះ កើត ខេង បានឃុបឃិតគ្នាក្លែងបន្លំលិខិតផ្ទេរកម្មសិទ្ធិ ចុះថ្ងៃទី១៣ ខែធ្នូ ២០០៧ ដោយលុបឈ្មោះ សូយ ចាន់សឿន និងស្នាមមេដៃ ដើម្បីបន្លំលួចយកទៅកាត់ចេញ ផ្ទេរកម្មសិទ្ធិសម្គាល់អចលនវត្ថុមកឲ្យឈ្មោះ កើត ខេង ប៉ុន្តែការប្ដឹងនេះពុំមានការណ៍ពិត ឬភស្តុតាងបញ្ជាក់សោះ ទើបអយ្យការអមសាលាដំបូង និងសាលាឧទ្ធរណ៍សម្រេចតម្កល់រឿងទុកមិនចាត់ការ ។
បើតាមសេចក្ដីសម្រេចនេះ បុគ្គលឈ្មោះ សូយ ចាន់សឿន ត្រូវបានបុគ្គលឈ្មោះ កើត ខេង បានដាក់ពាក្យប្ដឹងបកវិញមកសាលាដំបូងរាជធានីភ្នំពេញ ដោយសំណូមពរឲ្យតុលាការចាត់ការជនជាប់ចោទតាមផ្លូវច្បាប់៕
ដោយ៖ (Ra Ra)