ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ និងជាសះស្បើយ ចំនួន១៧៧នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ និងជាសះស្បើយចំនួន១៧៧នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

ករណីទី១ ដល់ទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១០ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី១៩ ដល់ករណីទី២១ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ជាមួយគ្នានេះ ករណីទី២២ ដល់ករណីទី៣៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណីទី៣៤ ដល់ទី៥២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។ ដោយឡែក ករណីទី៥៣ ដល់ករណីទី៦១ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តកំពង់ចាម ពីអាជីវករទៅទិញផ្លែឈើ និងគ្រឿងសមុទ្រពីផ្សារបានឡែម និងឆ្លងបន្តពីអ្នកស្លាប់ឈ្មោះ ជា សុខារី ។ ចំពោះ ករណីទី៦២ ជាអាជីវករទៅទិញបន្លែពីផ្សារពុមពុយខេត្តបាត់ដំបង និងករណីទី៦៣ ដល់ទី៩៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

អ្នកជាសះស្បើយទាំង១៧៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ  វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

  មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៣៩២នាក់ បានព្យាបាលជាសះស្បើយចំនួន៤៨១៤នាក់ ស្លាប់៧៥នាក់ និង១៥០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ  វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

  រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

  រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

 

ដោយ ៖ សិលា


ចែករំលែក៖