នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយដែលមេដឹកនាំក្រុមតាលីបង់ ព្រមអង្គុយទល់មុខជាមួយអ្នកសារព័ត៌មានជាស្រី្ត ឆ្លើយនូវសំណួរទាំងឡាយក្នុងការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី១៧ខែសីហា ។
សារព័ត៌មាន Bussiness Insider បានផ្សាយថា បទសម្ភាសន៍ជាមួយអ្នកដឹកនាំកម្មវិធី អ្នកស្រី Beheshta Arghand ជាមួយអ្នកនាំពាក្យក្រុមតាលីបង់ លោក Mawlawi Abdulhaq Hemad ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TOLO News។
នៅក្នុងកញ្ចក់ទូរទស្សន៍ អ្នកសារព័ត៌មានស្រីបានអង្គុយទល់មុខគ្នា មានចម្ងាយពីមេដឹកនាំ Hemad តែជាង១ម៉ែត្រប៉ុណ្ណោះ។
នាងបានសួរពីសកម្មភាពក្រុមតាលីបង់ ឆែកឆេរតាមផ្ទះនីមួយៗក្នុងរដ្ឋធានីកាប៊ុល និងស្ថានភាពរួមរបស់ប្រទេសជាតិ។
លោក Hemad បាននិយាយទៅកាន់អ្នកសារព័ត៌មានស្រីខាងលើថា «ពិភពលោកទាំងមូលក៏បានទទួលស្គាល់ថាក្រុមតាលីបង់ជាអ្នកគ្រប់គ្រងនយោបាយដឹកនាំប្រទេសអាហ្វហ្គានីស្ថាន។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងដោយមិននឹកស្មានថា ពលរដ្ឋអាហ្វហ្គានីស្ថានខ្លាចតាលីបង់ដល់ថ្នាក់ហ្នឹងសោះ។
បទសម្ភាសន៍ខាងលើ គឺជារឿងខុសប្រក្រតី ជាចំណុចចាប់អារម្មណ៍បំផុត ដោយក្រុមតាលីបង់មិនដែលអនុញ្ញាតឲ្យស្ត្រីអង្គុយទល់មុខសួរសំណួរជាច្រើនដោយសេរីនោះឡើយ។ ទាំងនេះបង្ហាញឲ្យឃើញថា ក្រុមតាលីបង់បានផ្លាស់ប្តូរហើយ ដោយផ្តល់សិទ្ធិដល់ស្ត្រី។ កន្លងមកក្រុមតាលីបង់បានប្រកាសថា ការវិលត្រឡប់មកវិញគឺបានផ្លាស់ប្តូរហើយ ផ្តល់សិទ្ធិដល់ស្ត្រីចូលរួមជាមួយរដ្ឋាភិបាល ។
ក្នុងអំឡុងក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន ចាប់ពីឆ្នាំ ១៩៩៦ដល់ឆ្នាំ២០០១ សិទ្ធិរបស់ស្ត្រីត្រូវបាត់បង់ ដោយហាមប្រាមស្ត្រីចូលរួមក្នុងសកម្មភាពសង្គម រៀនសូត្រ សូម្បីតែក្មេងស្រីក៏មិនឲ្យទៅសាលាផងដែរ…៕
ដោយ៖ធីរីណា(រូបថត៖TOLO News.)