ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កណ្ដាល​ ចូលរួម​ប្រគល់អណ្តូងស្នប់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹ ង

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតីក្នុងពិធីប្រគល់អណ្តូងស្នប់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

សូមជម្រាបជូនថា អណ្តូងស្នប់ទឹកស្អាត ដែលបានប្រគល់ជូនប្រជាពលរដ្ឋ នាពេលនេះជាអំណោយរបស់ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ និងលោកស្រី​ ខឹម បុប្ផា នាយិការក្រុមហ៊ុន ប៊ីម៉ា រៀលអ៊ីសស្ទេត តាមរយៈលោក តេង រិទ្ធី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល មានចំនួន០៧អណ្តូង ក្នុងនោះ ០៣អណ្តូងបានប្រគល់ជូនប្រជាពលរដ្ឋកំពុងមានការខ្វះខាតទឹក នៅក្នុងភូមិកាប់លាវ ឃុំទ្រា ភូមិស្លែង ឃុំត្រពាំងវែង ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង និង០៤អណ្តូងទៀតនឹងប្រគល់ជូនប្រជាពលរដ្ឋរស់នៅភូមិទាំង០៤ នៃឃុំឈ្វាំង ស្រុកពញាឮ។ ក្នុងនោះដែរ​ លោក និងលោកជំទាវ ក៏បានចូលរួមឧបត្ថម្ភ អង្ករចំនួន១,៦០០គ.ក ,មី១៦០កេស,ទឹកត្រី១៦០យួរ, អង្ករសុខភាពចំនួន ៨០០កញ្ចប់ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦០គ្រួសារ នៅក្រុងតាខ្នៅ និងស្រុកស្អាង ដែលសរុបជាថវិកាសរចំនួន ៦៦,៤០០,០០០ (ហុកសិបប្រាំមួយលាន បួនរយពាន់) រៀល ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក​ គង់​ សោភ័ណ្ឌ​ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ លោក និង លោកស្រី​ ដែលបានខិតខំស្វែងរកប្រភពថវិកា ដើម្បីចូលរួមសម្រាលបន្ទុក ជាមួយរដ្ឋបាលខេត្តកណ្តាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត និងសូមប្រសិទ្ធពរជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កន្លងមកមួន និងជោគជ័យគ្រប់ភារកិច្ច។ 

ស្ថិតក្នុងឱកាសនេះដែរ លោក​អភិបាល​ខេត្ត​ បានយកអំណោយ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០គ.ក មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ត្រីខកំប៉ុង០១យួរ ម៉ាស់០១ប្រអប់ និងថវិកា៤០,០០០(សែសិបពាន់) រៀល៕

ដោយ​៖សហការី​


ចែករំលែក៖