ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរនាក់ទៀតដាក់ពន្ធនាគាររយៈពេល ២០ខែ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរនាក់ទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា ដាក់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន ៤០០លានរៀល។ ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ 

ជនជាប់ចោទទាំងបីនាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា-វៀតណាម មានដូចជា លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ 

យោងតាមមាត្រា ៤៩៥ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ គឺជាអំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀលទៅ ៤,០០០,០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

សូមបញ្ជាក់ផងដែរថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់លោកនៅចាក់អង្រែ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖