ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១នេះថា៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង១៩ និងដល់ម៉ោង២២យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាក់ស្ដែងនៅបរិវេណរង្វង់មូលវិមានឯករាជ្យ អ្នកជិះបញ្រ្ចាស់នៅតែមានបើទោះបីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដាក់គោលដៅជាប្រចាំនៅទីនោះក៏ដោយ នៅតែមានអ្នកបំពានបើកបរបញ្រ្ចាស់ទៀត ជាលទ្ធផលបានធ្វើការឃាត់អ្នកជិះកង់ចំនួន០៧គ្រឿង។
បន្ថែមពីនេះ អាជ្ញាធរខណ្ឌដូនពេញ សូមអំពាវនាវបងប្អូនអ្នកជិះកង់ហាត់ប្រាណកុំគិតថា ការជិះកង់បញ្ច្រាស់ទិសដៅអាចទៅបានខុសពីកម្លាំងម៉ាស៊ីនម៉ូតូឡាន បើសិនបងប្អូនហ៊ានជិះបញ្រ្ចាស់មិនគោរពតាមច្បាប់ចរាចរណ៍ដែលស្លាកសញ្ញាបម្រាមហាមឃាត់ទេ អាជ្ញាធរ និងសមត្ថកិច្ចនឹងចាប់ឃាត់ភ្លាមដូចជាម៉ូតូនិងរថយន្តផងដែរ។ ព្រោះការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាំមកនូវសុខសុវត្ថិភាពទាំងអស់គ្នា។
ក្រោយប្រតិបត្តិការចប់ អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជូនកង់ទាំងនេះ ទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ស តារា