ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ផ្ទុះអាវុធទៅលើក្រុមបាតុករប្រឆាំងបណ្តាលឱ្យស្លាប់និងរបួស១៤នាក់

ចែករំលែក៖

មានអ្នកស្លាប់២នាក់និងរបួស១២នាក់ក្រោយពេលក្រុមតាលីបង់បានផ្ទុះអាវុធទៅលើក្រុមបាតុករនៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។

ការបាញ់ប្រហារកើតឡើងក្រោយពេលប្រជាជនអាហ្វហ្គានីស្ថាននៅក្នុងទីក្រុង Jalalabad នៃខេត្ត Nangarhar ភាគខាងកើតប្រទេស បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវ ហើយបានរងការបាញ់ប្រហារបង្រ្កាប ពីសំណាក់ក្រុមតាលីបង់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថានបានផ្សាយថា សកម្មភាពបាតុកម្មខាងលើត្រូវបានធ្វើឡើងដើម្បីទាមទារឱ្យមានការបំពាក់ទង់ជាតិប្រទេសអាហ្វហ្គានីស្ថាននៅតាមអគារការិយាល័យដូចមុនឡើងវិញ ជំនួសឱ្យទង់របស់ក្រុមតាលីបង់។ ប៉ុន្តែក្រុមតាលីបង់បានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ។
ប្រភពពីអាជ្ញាធរសុខាភិបាលក្នុងតំបន់បានអះអាងថា មនុស្សយ៉ាងហោចណាស់២នាក់បានបាត់បង់ជីវិត និង១២នាក់ទៀតបានរងរបួស។ មិនតែប៉ុណ្ណោះ សមាជិកក្រុមតាលីបង់ ក៏ត្រូវគេអះអាងថា បានប្រើអំពើហិង្សាលើអ្នកកាសែតមួយចំនួនដែលយកព័ត៌មានអំពីហេតុការណ៍នោះផងដែរ។
ព្រឹត្តិការណ៍ខាងលើ គឺជាសញ្ញាដំបូងមួយនៃសំឡេងប្រឆាំងនឹងក្រុមតាលីបង់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធនេះបានឡើងគ្រប់គ្រងអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ ប្រជាជនអាហ្វហ្គានីស្ថានជាច្រើននាក់បានភៀសខ្លួនចេញពីប្រទេស ហើយរាប់រយនាក់ទៀតកំពុងរង់ចាំឱកាសដូចគ្នានៅឯព្រលានយន្តហោះទីក្រុងកាប៊ុល៕ដោយ៖ធីរីណា

រូបភាព៖mehrnews

រូបភាព៖AP


ចែករំលែក៖