ព័ត៌មានទាន់ហេតុការណ៍៖

សហគ្រិនឌីជីថលវ័យក្មេងកម្ពុជាចំនួន ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកម្មវិធី SmartStart ដើម្បីឈ្នះប្រាក់រង្វាន់ ១០,០០០ ដុល្លារ

ចែករំលែក៖

រាជធានីភ្នំពេញ៖  ថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គHackathons និងវគ្គសិក្សាតាមអនឡាញជាច្រើនខែរួចមក ក្រុមចំនួន ៥ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ​៤ ជាមួយនងឱកាសឈ្នះ ប្រាក់​រង្វាន់ធំចំនួន ១០,០០០ដុល្លារ និងដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដែលស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

ក្រុមទាំង ៥ ដែលត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីរួមមាន

Adero គឺជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើទីផ្សារកំណត់តំបន់ផ្សព្វផ្សាយ      ពាណិជ្ជកម្ម តំណត់រយៈពេល និងកំណត់ពេលវេលានៃចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម
FlexFloc គឺជាដំណោះស្រាយប្រព័ន្ធមួយ (Internet of Things) ដែលមានឯកទេសក្នុងការលើកកម្ពស់ វារីវប្បកម្មនៅកម្ពុជាដោយធ្វើប្រតិបត្តិការស្វ័យប្រវតិ្តកម្មក្នុងប្រព័ន្ធជលផលថ្មីមួយដែលមានឈ្មោះថា biofloc ក្នុងគោលបំណង តាមដានគុណភាពនិងបរិមាណទឹកនៅក្នុងប្រព័ន្ធ biofloc ដើម្បីធានាឱ្យបាននូវផលចំណេញ ជាអតិបរិមាសម្រាប់អតិថិជន។
iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅជាជីកំប៉ុស្តដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។
KELA គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកទីកន្លែងលេងកីឡាជាមួយមិត្តរួមក្រុម ក្រុមជាគូប្រជែង ជិតទីតាំងរបស់ខ្លួន និងកន្លែងលេងកីឡានានា ដែលអាចរកបានដោយផ្អែកលើប្រភេទកីឡា។
Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទៅក្នុងកម្មវិធីលើទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែក្លាយកន្លែងនោះទៅជាចំណតរថយន្តមិនមានសណ្ដាប់ធ្នាបនៅតាមដងផ្លូវ។

ឃិន ភក្ដី ដែលជាសមាជិកក្រុម FlexFloc បាននិយាយថា៖ «ខ្ញុំទទួលបានបទពិសោធន៍ផ្សេងៗគ្នា ជាច្រើន ហើយបានជួបមនុស្សផ្សេងៗជាច្រើនទៀតផងដែរក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយ ការទទួលបានដំណឹងអំពីការឆ្លងទៅវគ្គបន្ទាប់របស់ក្រុមយើងគឺជារឿងដ៏អស្ចារ្យបំផុតរហូតមកដល់ពេលនេះ។ ខ្ញុំនិងក្រុមខ្ញុំទន្ទឹងរងចាំ ដើម្បីប្រែក្លាយគោលដៅនិងបេសកកម្មអាជីវកម្ម របស់យើងឲ្យក្លាយទៅជាការពិត។»

Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមទាំង ៥ ដែលត្រូវឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនេះសុទ្ធតែបានបង្ហាញពីការតាំងចិត្ត ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តដើម្បី យកផ្នត់គំនិតរបស់ពួកគេឲ្យចេញជារូបរាង និងក្លាយឲ្យទៅជាគម្រោងអាជីវកម្មពិតៗដែលអាចវិនិយោគបាន។​​ នេះនឹងក្លាយជាដំណាក់កាលចុងក្រោយដ៏គួឲ្យរំភើបមួយ នៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលចុងឆ្នាំខាងមុខនេះ ហើយយើងសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។»

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះ បានចាប់ផ្តើមឡើងវិញនៅខែឧសភា ជាមួយនិងកម្មវិធីវគ្គ «Hatch»ដែលមានអ្នកចូលរួមចំនួន ១២០ នាក់ បានចែករំលែកគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គ Elevator Pitch នៅមុខរគណៈកម្មការវិនិច្ឆ័យជំនាញ។

ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកចូលរួមចំនួន ២៥ ក្រុម ដែលមាន​​គំនិតល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែលសហគ្រិនឌីជីថលវ័យក្មេងស្វែង​​យល់​​យ៉ាងស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែលបច្ចេកវិទ្យានេះនឹងផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃ និងភាពជាសហគ្រិន។

បន្ទាប់មកក្រុមទាំង ២៥ បានស្វែងរកបញ្ហាប្រឈមក្នុងជីវិតពិត ដែលពួកគេបានស្វែងរកដំណោះស្រាយនានា ដែលអាចធ្វើទៅបានតាមរយៈការប្រើប្រាសបច្ចេកវិទ្យា (Internet of Things)។ ដំណាក់កាលនេះ ក្រុមទាំង ២៥ ត្រូវបានជម្រុះសល់ត្រឹម ១៥ ក្រុម ដែលស្វែងរកដំណោះស្រាយល្អបំផុតចំពោះបញ្ហាប្រឈម ដែលត្រូវបានដាក់សាកល្បង។

ក្រោយបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល «Digithon» រួចមក ក្រុមចំនួន ១៥ បានឆ្លងទៅវគ្គ «Technopreneurship Challenge»ដែលមានរយៈពេលចំនួន ៦ថ្ងៃ អំឡុងពេលចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ពួកគេនិងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះដល់ក្រុមចៅក្រម ដែលបានជ្រើសរើសក្រុមឈ្នះទាំង ៥ ក្រុម កាលពីចុងសប្តាហ៍មុន។

គណៈកម្មការវិនិច្ឆ័យរួមមាន លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលនៃក្រុមហ៊ុន Smart Axiata អ្នកនាង Nipoan Chheng-Chavigny នាយក​គ្រប់គ្រងនៃ Impact Hub Phnom Penh អ្នកនាង Natalja Rodoinova នាយក​គ្រប់គ្រងនៃ IT Academy STEP Cambodia លោក David Shelters សហគ្រិន Entrepreneur-in-Residence នៃ Mekong Strategic Partnersនិងលោក Buntha Ly ប្រធានផ្នែកបច្ចេកវិទ្យានៃ Morakot Technology

អ្នកនាង Nipoan Chheng-Chavigny នាយក​គ្រប់គ្រង Impact Hub Phnom Penh បានឲ្យដឹងថា៖​ «នេះគឺជាឆ្នាំ​ដ៏ជោគ​​ជ័យមួយផ្សេងទៀត ដោយកម្មវិធី SmartStart អាចបន្តរីកចម្រើននិងបង្ហាញឲ្យឃើញថាកម្ពុជា សម្បូរដោយយុវជន និងគំនិតប្រកបដោយភាពឆ្នៃប្រឌិត។ កម្មវិធី វគ្គបណ្ដុះបណ្ដាលរយៈពេល ៦ ខែ មិនមែនជាកម្មវិធីប្រកួតប្រជែងនោះទេប៉ុន្តែជាឱកាសសម្រាប់ក្រុមទាំង ៥  ដើម្បីពង្រីកនិងអភិវឌ្ឍន៍សមត្ថភាព ដែលអាចនឹងជោគជ័យរបស់ពួកគេ។»

ក្រុមដែលឈ្នះទាំង ៥ នឹងទទួលបានកម្មសិក្សារយៈពេល៣ ខែ ​រួមទាំង​ប្រាក់ខែ នៅក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ព្រមទាំងការណែនាំ និងការបណ្តុះបណ្តាលពីអ្នកជំនាញឌីជីថលនៅ Smart Axiata និង Impact Hub Phnom Penh

ក្រុមជ័យលាភីដែលនឹងត្រូវបានជ្រើសរើសនៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅខែធ្នូ ដោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ចំនួន ១០,០០០ដុល្លារ ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់នៅឆ្នាំក្រោយ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើម​​ដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មីដោយផ្តល់នូវបទពិសោធន៍សិក្សាល្អៗបំផុត​តាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីក វិសាលភាពដើម្បីផ្តល់ការអប់រំផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់​និស្សិតប្រហែលមួយពាន់នាក់៕​

សម្រាប់​​ព័ត៌មាន​​បន្ថែមទាក់ទង​នឹង​គំនិត​ផ្តួច​ផ្តើម​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន ​និង​កម្មវិធីបច្ចេកវិទ្យាផ្សេងៗ របស់​ក្រុមហ៊ុន ​Smartសូម​តាមដាន​​ទំព័រ​ហ្វេសប៊ុក “Smart for Cambodia”  តាមរយៈ​គេហទំព័រ ​www.facebook.com/smartforcambodia ឬ​ក៏​ចូល​មក​កាន់​គេហទំព័រ​ www.smart.com.kh​​​​​

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយHD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖