ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៧ឆ្នាំ នៅវិទ្យាល័យសុខអានដូងខ្ពស់ ក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ និងមណ្ឌលសុខភាព ព្រៃស្លឹក ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ។
មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលបាន ទទួលការចាក់វ៉ាក់សាំង រួចក៏ពិតមែន តែសូមបងប្អូនបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំរបស់ រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ និងអនុវត្តតាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ឱ្យបាន ខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បន្តធ្វើការអំពាវនាវដល់ មាតា បិតា និងអាណា ព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបាន គ្រប់ៗគ្នា នៅតាមទីតាំងដែលអាជ្ញាធរមូលដ្ឋានបានធ្វើការជូនដំណឹង ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះ របស់បងប្អូន៕
ដោយ៖សហការី