ព័ត៌មានទាន់ហេតុការណ៍៖

យ៉ែម សំអូន ទើបចាយលុយខ្ទង់ម៉ឺនដុល្លារទិញផ្ទះលម្ហែឲ្យកូនប្រុស ហើយក៏ទិញផ្ទះវីឡាថ្មីជូនកូនស្រីនៅអូស្ត្រាលីផងដែរ

ចែករំលែក៖

ភ្នំពេញ៖ កន្លងទៅ តារាសម្តែងនិងចម្រៀង លោក យ៉ែម សំអូន ធ្លាប់បានបង្ហើបអំពីការត្រៀមកាដូពិសេសមួយសម្រាប់កូនស្រីបណ្តូលចិត្តដែលកំពុងរស់នៅជាមួយម្តាយឯប្រទេសអូស្ត្រាលី។ ការបង្ហើបនេះធ្វើឡើងកាលពីប៉ុន្មានខែមុននេះក្នុងថ្ងៃខួបកំណើតគម្រប់២០ឆ្នាំរបស់កូនស្រី។ ពេលនេះលោកបានបញ្ចេញហើយ គឺជាផ្ទះវីឡាមួយនៅតំបន់ផ្លូវជាតិលេខ៦A ។
មុននេះ លោក យ៉ែម សំអូនទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងដំណឹងទិញផ្ទះលម្ហែមួយនៅឯខេត្តកំពតឲ្យកូនប្រុស ហើយមិនបានប៉ុន្មានផងស្រាប់តែពេលនេះ លោកបានបញ្ចេញប្រាក់ទិញផ្ទះវីឡាមួយបន្ថែមទៀត បើទោះបីជាគេដឹងថាក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ មានសិល្បករសិល្បការិនីជាច្រើនបានខកខានចេញរកប្រាក់ចំណូល ហើយសូម្បីតែកម្មវិធីប្រគំតន្ត្រីតូចធំនានាក៏ត្រូវបានបិទដែរនោះ។ ផ្ទះថ្មីនេះត្រូវបានគេសង្ស័យថាលោកអាចនឹងទិញជាកាដូជូនទៅកូនស្រីដែលកំពុងរស់នៅប្រទេសអូស្ត្រាលីនោះតែម្តង។ តារាចម្រៀង និងជាអ្នកគ្រប់គ្រងក្រុមតន្ត្រីTara Entertainment បានបង្ហាញមុខជាមួយយុវជនម្នាក់ដែលលោកអះអាងថាជាកូនប្រុស នៅលើទឹកដីនៃខេត្តកំពតដើម្បីទៅមើលផ្ទះលម្ហែមួយដែលបានសាងសង់រួចប្រមាណជា៨០ភាគរយ ហើយលោកអះអាងថាជាផ្ទះរបស់កូនប្រុស ក្នុងនោះក៏មានរួមដំណើរដោយស្ត្រីម្នាក់ផងដែរ។ ផ្ទះលម្ហែនោះមានតម្លៃខ្ទង់ម៉ឺនដុល្លារ ហើយអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលថែមទៀតនោះ គឺក្រោយពីលោកបានបង្ហាញមុខជាមួយកូនប្រុសជាថ្មី រួមដំណើរដោយប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងការទិញផ្ទះវីឡាសមល្មមមួយកន្លែងនៅតំបន់ផ្លូវជាតិលេខ៦អានោះ។
អ្នកសិល្បៈនិងអ្នកគាំទ្រលោកក៏បានកោតសរសើរទឹកចិត្តរបស់តារាចម្រៀងរូបនេះក្នុងនាមជាឪពុកដែលមានចំពោះកូន និងកោតសរសើរចំពោះការប្រឹងប្រែងបំពេញការងារដែលអាចរកប្រាក់ចំណូលបានទិញផ្ទះមានតម្លៃម៉ឺនដុល្លារក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នោះ។ អ្នកគ្រប់គ្រងក្រុមតន្ត្រីរូបនេះលើកឡើងថា ចេះតែខំទៅបងប្អូនអើយ ព្រោះអាយុយើងកាន់តែច្រើន ដូច្នេះយើងនៅមានតួនាទីច្រើនណាស់សម្រាប់ទិញមរតកទុកឲ្យកូនទោះគេមិនឲ្យតម្លៃយើងក៏យើងត្រូវតែមានអ្វីសម្រាប់ចែកកូនដែរ នេះគឺជាតួនាទីដែលមិនអាចខ្វះបានក្នុងនាមជាឪពុករបស់គេ។ សារនេះត្រូវបានគេសង្ស័យដែរថា ផ្ទះដែលលោកទិញគឺអាចសម្រាប់កូនស្រីបណ្តូលចិត្តដែលកំពុងតែរស់នៅប្រទេសអូស្ត្រាលីជាមួយនឹងអតីតភរិយាលោកគឺអ្នកនាងយ៉ាន លីនដានោះតែម្តង ហើយកន្លងទៅលោកក៏ធ្លាប់បានបង្ហើបខ្លះៗអំពីគម្រោងផ្តល់កាដូសម្រាប់កូនស្រីផងដែរ។ កូនស្រីរបស់លោក ឈ្មោះ Veronica នាងមានវ័យ២០ឆ្នាំហើយ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖