ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះបានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
ក្រោមធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំឆ្លងនៅថ្ងៃនេះបានបន្តដល់ការពិនិត្យ និងពិភាក្សា ដើម្បីឆ្លងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។
យោងតាមសេចក្ដីព្រាងប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនេះ មានគោលបំណង កំណត់អំពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចនៅតាមក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈនិងឯកជន ដែលជាគោលដៅតម្រូវឱ្យមានប្លង់បង្ការ និងពន្លត់អគ្គិភ័យ និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅតាមភូមិ ឃុំ សង្កាត់ ឬសហគមន៍។
បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំពាក់ព័ន្ធ បន្តការពិភាក្សាដើម្បីរៀបចំកែសម្រួលសេចក្ដីព្រាង ដោយមានការពិគ្រោះយោបល់ជាមួយក្រុមការងារផ្នែកច្បាប់របស់ក្រសួង។
សម្ដេចបានណែនាំឱ្យរៀបចំកែសម្រួលជាប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយមិនចាំបាច់រៀបចំជាអនុក្រឹត្យ និងសារាចរណ៍ណែនាំនោះទេ ប៉ុន្តែអាចចេញវិធានការនានាបន្ថែមដើម្បីពង្រឹងប្រសិទ្ធភាពការងារបង្ការ និងពន្លត់អគ្គិភ័យ៕
ដោយ៖ សហការី