ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩”

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ និងបានធ្វើការណែនាំដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមានការពាក់ព័ន្ធ តាមរយៈសេចក្តីសេចក្តីណែនាំលេខ៖ ០៥ សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩! ។

នៅព្រលប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១
រាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្ដីណែនាំ
ស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ។

កន្លងមកនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ និង បន្តអនុវត្តនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំង ប្រទេស រយៈពេល ២១ ថ្ងៃចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ ព្រមៗពេលជាមួយគ្នានៅទូទាំងប្រទេស ក្នុង យុទ្ធនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ជារួម ការអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹងនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ជំងឺ កូវីដ-១៩ នៅទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន លទ្ធផលវិជ្ជមាន ដោយបានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាល ទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ ជាក់ស្ដែង, ការវិវត្តសភាពការណ៍ ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ បង្ហាញថា អត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ និងអត្រាអ្នកជំងឺកវីដ-១៩ កម្រិតមធ្យម ក៏ដូចជាអត្រាអ្នកស្លាប់ដោយសារជំងឺនេះ មានទិន្នាការថេរ ហើយ ទន្ទឹមនេះ អត្រាអ្នកជាសះស្បើយក៏មានការកើនឡើង បើទោះបីជាមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងរាលដាលក្នុងសហគមន៍ក្នុងចំនួនកាន់តែច្រើនឡើងៗ ហើយបច្ចុប្បន្ន បានរីករាលដាលរហូតទៅដល់ ២៣ រាជធានី-ខេត្ត ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ជាមួយនឹងការរកឃើញជាបន្តបន្ទាប់ក្នុងចំនួនច្រើន និងនៅ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស, លទ្ធភាពនៃឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងពេលខាងមុខនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) នេះ នៅបន្តជាបញ្ហាប្រឈមចំពោះមុខដ៏គួរឱ្យព្រួយបារម្ភសម្រាប់កម្ពុជា។

យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១, ការអនុវត្ត “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបញ្ចប់នៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ នេះ។ ប៉ុន្តែ ដោយសារការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការនៅទូទាំងប្រទេស ក្នុងរយៈពេល ២១ ថ្ងៃ កន្លងមកនេះ បាន រួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់បានមួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ហើយវិធានការទាំងនេះក៏មិនបានធ្វើឱ្យប៉ះពាល់ជាដុំកំភួនដល់សកម្មភាពខាងផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន, រាជរដ្ឋាភិបាល យល់ឃើញថា វិធានការទាំងនេះនៅតែជាវីធានការគន្លឹះ និងមានភាពចាំបាច់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទនៃការឆ្លងរាលដាលនៃមេរោគប្រភេទ Delta ក្នុងសហគមន៍។

ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតាមបណ្តា រាជធានី-ខេត្តនីមួយៗ មានលក្ខណៈខុសៗគ្នា, ដូចនេះ រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ការអនុវត្ត យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស តាម កាលបរិច្ឆេទកំណត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ និងសូមធ្វើការណែនាំដល់បណ្តាគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយ ផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមាន ការពាក់ព័ន្ធ។

ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយនិងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា

 


ចែករំលែក៖