នៅក្នុងទីក្រុងនានារបស់ចិនដែលរកឃើញករណីឆ្លងកូវីដ-១៩ បានធ្វើតេស្តជាទ្រង់ទ្រាយធំដល់ទៅ១២លើក ដល់ពលរដ្ឋក្នុងរយៈពេលតែ៣សប្តាហ៍ប៉ុណ្ណោះទើបអាចទប់ស្កាត់ការឆ្លងរាលដាលវីរុសដែលតាបានយ៉ាងមានប្រសិទ្ធភាពបំផុត។
សារព័ត៌មាន SCMP បានផ្សាយថា ការធ្វើតេស្តជាទ្រង់ទ្រាយធំ គឺជាគ្រឹះជួយទប់ស្កាត់ការឆ្លងបានយ៉ាងមានប្រសិទ្ធភាពបំផុត ។ ក្នុងពេលនេះ ចិនក៏បានទប់ស្កាត់ដោយជោគជ័យវីរុសកូវីដ-១៩បំប្លែងថ្មីដែលតា នៅទីក្រុងណានជីង ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ ទីក្រុងណានជីង (Nanjing) ភាគខាងកើតប្រទេសចិន លែងមានតំបន់ដែលមានហានិភ័យកម្រិតមធ្យម និងខ្ពស់នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ទៀតហើយ ខណៈដែលទីក្រុងនេះពីមុនធ្លាប់មានតំបន់ហានិភ័យកម្រិតមធ្យម និងខ្ពស់រហូតដល់ចំនួន៣២ឯណោះ។
អនុប្រធានគណៈកម្មការសុខភាពប្រចាំទីក្រុង Nanjing លោក Ding Xiaoping បាននិយាយថា ទីក្រុង Nanjing មិនបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗនោះទេ ខណៈដែលករណីឆ្លងសរុបមានចំនួន ២៣៥ករណីរួចមក នៅក្នុងទីក្រុង គិតចាប់តាំងពីការឆ្លងរាតត្បាតនៃជំងឺនេះជាចង្កោម បានចាប់ផ្តើមលេចឡើងជាលើកដំបូង កាលពីថ្ងៃទី២០ ខែកក្កដាកន្លងមក។
លោក Ding Xiaoping បាននិយាយបន្ថែមថា ក្នុងចំណោមករណីឆ្លងសរុបខាងលើ មាន ៧៥នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។ រីឯសេវាកម្មដឹកជញ្ជូនសាធារណៈនៅទីក្រុង Nanjing រួមទាំងខ្សែរថភ្លើងក្រោមដី នឹងបន្តដំណើរការជាធម្មតាបន្តិចម្តងៗ៕
ដោយ៖ធីរីណា(រូបភាព៖ AFP)