ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ៤នាក់ក្នុងចំណោម៨នាក់បានបាត់បង់ជីវិតដោយរថយន្តបើកក្នុងល្បឿនលឿនធ្លាក់ចូលទឹកស្រះ

ចែករំលែក៖

     ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា មានរថយន្តដឹកពលករខ្មែរចំនួន៨នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ចូលស្រះទឹកបណ្ដាលឲ្យពលករ៤នាក់ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ក្មេងអាយុ៣ខួបម្នាក់និងទារកម្នាក់ត្រូវបានស្លាប់ក្នុងរថយន្ត ចំណែក៤នាក់ទៀតរួចផុតជីវិត។
សមត្ថកិច្ចខាងលើបន្តថា រថយន្តដែលពលករជិះជួបគ្រោះថ្នាក់នោះបានធ្វើដំណើរចេញពីផ្សាររោងគ្លឿ ឆ្ពោះទៅស្រុកតាព្រះយ៉ា ខេត្តស្រះកែវកាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៩សីហា២០២១ ។សេចក្ដីរាយការណ៍ ថា ឧប្បត្តិហេតុនេះដោយសាររថយន្តធុនតូចធ្លាក់ក្នុងស្រះទឹក នៅបរិវេណស្រះទឹកស្អាត ក្បែរផ្លូវបំបែកជា៣ ភូមិណាង ង៉ាន ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ មានមនុស្សស្លាប់ជាប់ក្នុងរថយន្តមួយចំនួន ជំហានដំបូងគេសន្និដ្ឋានថា ជារថយន្តដឹកពលករខ្មែរ ទើបទាក់ទងទៅសមត្ថកិច្ចនគបាលស្រុកតាព្រះយ៉ា និងអាជ្ញាធរស្រុកតាព្រះយ៉ា បញ្ជាឲ្យជំនាញស៊ើបសួរស្រុកតាព្រះយ៉ា ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ដែលមានក្រុមមន្រ្តីមូលនិធិរួមកត្តញ្ញូតាព្រះយ៉ា អ្នកមុជទឹក និងក្រុមជួយសង្រ្គោះខាងទឹក ត្រៀមទូកចុះទៅរុករកនិងស្ទូចរថយន្តដែលធ្លាក់ចូលក្នុងទឹកស្រះ ឡើងមកខាងលើ ។

ក្នុងហេតុការណ៍នោះមានអ្នកភូមិក្នុងមូលដ្ឋាន មកឈរមើលយ៉ាងច្រើនកុះករ។ រថយន្តជួបគ្រោះថ្នាក់ខាងលើ ជារថយន្តធុនតូចម៉ាកតូយ៉ូតា ពណ៌ស មិនមានស្លាកលេខ ដែលប្រើក្នុងការដឹកជញ្ជូនពលករខ្មែរ មកពីតំបន់ផ្សាររោងគ្លឿ ស្រុកអារញ្ញ ចំនួន៨នាក់ សំដៅមកស្រុកតាព្រះយ៉ា បើកក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើរថយន្តរេចង្កូតធ្លាក់ចូលទៅក្នុងស្រះទឹកស្អាតដ៏ធំ អ្នកបើករថយន្តជាជនជាតិថៃ និងមានពលករខ្មែរចំនួន៤នាក់រត់ចេញមកបាន ដោយឡែកពលករខ្មែរ៤នាក់ទៀត ជាប់គាំនៅក្នុងរថយន្ត ក្នុងនោះមានប្រុសម្នាក់,ស្រីម្នាក់,ក្មេងអាយុ៣ខួបម្នាក់ និងទារកម្នាក់ ដែលគេទទួលការអះអាងថា ស្លាប់ទាំង៤នាក់ ទើបសមត្ថកិច្ចថៃស្លៀកឈុតការពារ ចូលទៅត្រួតពិនិត្យអ្នកស្លាប់ក្នុងរថយន្ត និងនាំសាកសពបញ្ជូនទៅឲ្យជំនាញខាងកោសល្យវិច័យស្រុកតាព្រះយ៉ា ព្រមទាំងសណ្ដោងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកតាព្រះយ៉ា ដើម្បីត្រួតពិនិត្យប្រភព និងបញ្ជីឈ្មោះអ្នកស្លាប់បន្តផងដែរ៕

ដោយ៖វណ្ណា


ចែករំលែក៖