ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹង ពីកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យផ្លែមៀនប៉ៃលិន !
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានបញ្ជាក់ថា, យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្តីពីស្ថានភាពការនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសថៃ និងប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូន ដំណឹងបន្ថែមដល់ផ្នែកឯកជនពាក់ព័ន្ធ ជ្រាបថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាម អនាម័យ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀន ប៉ៃលិននេះ។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យដូចបានជម្រាបជូនខាងលើ។
ក្នុងបរិការណ៍នេះ ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធនឹងការលាងសម្អាត រម្ងាប់សមាសភាពចង និងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែលបានឯកភាពគ្នា គឺជាការងារ បច្ចេកទេសដ៏សំខាន់មួយសម្រាប់កំណត់នូវភាពជោគជ័យទាំងក្នុងដំណាក់កាលចរចា ដែលរួមមានផងដែរនូវការចុះមក ពិនិត្យ និងវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាលនៃការនាំចេញជាក់ស្តែង។
ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមធ្វើការអំពាវនាវចំពោះ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងក្នុងការជំរុញ ការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការស្របយកផលិតផលមកធ្វើការកែច្នៃនាំចេញឱ្យបានជាអតិបរមាភ្លាមៗនៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូលលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។
ឆ្លើយតបទៅនឹងគោលបំណង និងទិសដៅដូចបានជម្រាបជូនខាងលើ ជាពិសេសដើម្បីលើកកម្ពស់ផលិតភាព និងពាណិជ្ជបនីយកម្មផលិតផលកសិកម្មកម្ពុជា សូម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមានបំណងវិនិយោគ លើការនាំចេញផលិតផលផ្លែមៀនស្រស់ ធ្វើការទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានកសិកម្មដែលជាសេនាធិការ បច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការណែនាំផ្នែកបច្ចេកទេសពាក់ព័ន្ធ ឱ្យបានគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២, ៣២៥ ៥៥៨, ០១២ ៩៥៤ ៩៦៣, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥ និង០៧៧ ៤២៦ ៦០៨៕
ដោយ ៖ សិលា