ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតីអាមេរិកត្រៀមបំពេញទស្សនកិច្ចទៅកាន់វៀតណាម និងសិង្ហបុរី

ចែករំលែក៖

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងក្លាយជាមន្ត្រីជាន់ខ្ពស់របស់អាមេរិក ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ានចាប់តាំងពីប្រធានាធិបតីបៃឌិនឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១មក។
សារព័ត៌មានរ៉យទ័របានផ្សាយថា អនុប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី ២២ខែសីហា ។ ដំណើរទស្សនកិច្ចនោះគឺជាការបង្ហាញពីការគាំទ្រដល់ប្រទេសក្នុងតំបន់ពីសំណាក់រដ្ឋាភិបាលអាមេរិក ។ គោលដៅនៃដំណើរទស្សនកិច្ច គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយឥទ្ធិពលកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ។
វៀតណាម និងសិង្ហបុរី គឺជាគន្លឹះក្នុងយុទ្ធសាស្ត្រអាមេរិកសម្រាប់ប្រកួតប្រជែងជាមួយចិន ។ កាលពីដើមខែសីហា សេតវិមានអាមេរិកបានប្រកាសថា គោលដៅនៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតី គឺដើម្បីការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រីកតួនាទីរបស់អាមេរិក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ។
តាមគម្រោងលោកស្រី Harris នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី ២២ខែសីហា ។ លោកស្រីនឹងបន្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី២៤ខែសីហា ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគី ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីររបស់លោកស្រីចាប់តាំងពីការឡើងកាន់អំណាចមក ៕ដោយ៖ ធីរីណា

រូបថត៖Dynamite News.


ចែករំលែក៖