ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ការស្ថាបនា ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅទាំងមូលសម្រេចលទ្ឋផលបាន ៨០ភាគរយនៃគម្រោងហើយ នឹងបញ្ចប់នៅចុងខែមីនាឆ្នាំ២០២២និងអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នោះ

ចែករំលែក៖

    ភ្នំពេញ៖ មិនប៉ះពាល់ដល់ការទប់ស្កាត់ជំងឺកូវីដ-១៩ឡើយ ការងារអភិវឌ្ឍន៍ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ បើគិតមកដល់គិតត្រឹមថ្ងៃទី២០ ខែសីហាឆ្នាំ២០២១នេះ  ការងារសាងសង់ទាំងមូលសម្រេចលទ្ធផលបាន ៨០ភាគរយនៃគម្រោងហើយ ដោយអាចកាត់បន្ថយបានការកកស្ទះចរាចរណ៍នៅតំបន់នោះ។ 

    តាមការបញ្ជាក់ពីមន្ដ្រីជំនាញនៅសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។

    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី២០ខែសីហានេះថា គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅគឺសម្រេចលទ្ធផលបាន៨០%នៃគម្រោងហើយ ។ 

   លោកបន្តថា តាមកម្មវិធីការងារ ការដ្ឋាននេះនឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ខណៈដែលស្ពានអាកាសនិងផ្លូវក្រោមដីនេះក៏ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

   សូមរំលឹកថា ៖ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឲ្យដំណើរការផ្លូវក្រោមដីជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ឃើញថា ស្ថានភាពចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ ។ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។

    ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក។

   ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនិងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

  ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ 

   ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។ 

   ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

   សូមបញ្ជាក់ថា៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕

ដោយ ៖ សំរិត


ចែករំលែក៖