ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ជាជាងផ្សារដែកដំបូលផ្ទះ ពេលចុះមកវិញរអិលជើងគាប់ជួនភ្លៀងរលឹមស្រិចៗផង ក៍ស្ទុះចាប់ខ្សែភ្លើងនៅលើក្បាលធ្វើឱ្យស្រូបឆក់ធ្លាក់ពីលើដំបូលផ្ទះកម្ពស់ជាង៥ម៉ែត្របោកក្បាលនឹងឥដ្ឌរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងផ្អើលចោមរោមមកជួយ រួចមេជាងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវកែង ក្រោយវត្តភ្នំស្ទឹងត្រែង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
បើតាមប្រភពពីមេជាងបានបញ្ចាក់ថា មុនកើតហេតុជនរងគ្រោះបានឡើងទៅព្រំដំបូលផ្ទះ ក្រោយព្រំរួចខណ:មេឃកំពុងរលឹមស្រិចៗផង មេជាងបានប្រាប់ឲ្យចុះមកភ្លៀងហើយ ជនរងគ្រោះឆ្លើយថាផ្សារព្រំដំបូលរួចហើយ ហើយក៏បានទម្លាក់សម្ភារចុះមកមុន ខ្លួនក៏រៀបចំចុះ ពេលនោះជាអកុសលជនរងគ្រោះក៏បានរអិលជើង រួចបានស្ទុះចាប់តោងខ្សែភ្លើងលើក្បាល ក៏ត្រូវខ្សែភ្លើងស្រូបឆក់ជាប់ ហើយក្រោយពីរើបម្រះរួចជនរងគ្រោះក៏របូតដៃធ្លាក់មកក្រោមត្រូវឥដ្ឋរងរបួសធ្ងន់តែសំណាងល្អដែរដែលដែកសរសៃឈរច្រូងមិនត្រូវ។
ប្រភពពីមេជាងដដែលបានបន្តថា ជនរងគ្រោះឈ្មោះកែវ ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ ក្រោយកើតហេតុមេជាងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
បច្ចុប្បន្នជងរងគ្រោះបានដឹងខ្លួនឡើងវិញហើយ គ្រាន់តែឈឺចាប់នៅមុខរបួស និងនៅតាមសរសៃក្រោយពីត្រូវខ្សែភ្លើងឆក់៕
ដោយ៖ មាស សុផាត