ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសអូស្ត្រាលីបំបែកកំណត់ត្រាថ្មី

ចែករំលែក៖

នៅក្នុងរដ្ឋដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់នាពេលបច្ចុប្បន្នគឺរដ្ឋ New South Wales នៅថ្ងៃទី២១ខែសីហា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងរហូតដល់ទៅ ៨២៥នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេសអូស្ត្រាលីតាំងពីការផ្ទុះកូវីដ-១៩ ដំបូងមកទល់ពេលនេះ។
នៅថ្ងៃទី២១ ខែសីហា រដ្ឋ NSW ប្រទេសអូស្ត្រាលីបានរកឃើញករណីឆ្លងដល់ទៅ ៨២៥នាក់ ក្នុងសហគមន៍ ក្នុងនោះមាន៩៦នាក់ មិនទាន់ដឹងប្រភព។ ក្រៅពីនេះគឺឆ្លងអ្នកដែលបានធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះក៏មានអ្នកស្លាប់ ៣នាក់ផងដែរ ។ ករណីឆ្លងខាងលើមិនត្រឹមតែខ្ពស់បំផុតនៅក្នុងរដ្ឋNSW នោះឡើយ គឺនៅទូទាំងប្រទេសអូស្ត្រាលីមិនដែលមានករណីឆ្លងច្រើនបែបនេះឡើយ។ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នាហើយ អូស្ត្រាលីរកឃើញករណីឆ្លងលើសពី៦០០នាក់ក្នុងមួយថ្ងៃ។
ការឆ្លងរាលដាលខ្ពស់នៅក្នុងប្រទេសនេះបង្កឡើងដោយវីរុសបំប្លែងថ្មីដែលតា ហើយពលរដ្ឋមិនគោរពតាមវិធានការទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាល គឺជាមូលហេតុបណ្តាលឲ្យមានករណីឆ្លងខ្ពស់នៅក្នុងរដ្ឋ NSW ។ នៅក្នុងទីក្រុងស៊ីដនី គឺជាតំបន់មានករណីឆ្លងច្រើនជាងគេ បើទោះបីទីក្រុងនេះបានបិទឈានចូលសប្តាហ៍ទី ៩ហើយក្តី។
ចំពោះស្ថានភាពខាងលើ មន្ត្រីក្នុងតំបន់នីមួយៗ ក្នុងប្រទេសអូស្ត្រាលី បានអនុវត្តវិធានការដាច់ដោយឡែករបស់ខ្លួនដើម្បីទប់ស្កាត់ការឆ្លងបានល្អបំផុត។ ចាប់តាំងពីថ្ងៃទី ២៣ខែសីហានេះទៅ ច្បាប់បម្រាមគោចរនឹងអនុម័តចាប់ពីម៉ោង២១យប់ដល់ម៉ោង៥ព្រឹក ត្រូវបានអនុវត្តនៅតំបន់ចំនួន១២ ដែលមានករណីឆ្លងខ្ពស់ ។ ជាមួយគ្នានេះ ពលរដ្ឋអាចចេញក្រៅផ្ទះទៅហាត់ប្រាណបានត្រឹមតែ១ម៉ោងប៉ុណ្ណោះ ។
កាលពីថ្ងៃទី ១៩ខែសីហា ប៉ូលិសរដ្ឋNSW បានសម្រេចពិន័យមនុស្សប្រុស៤នាក់ដែលបានរត់ហាត់ប្រាណនៅវេលាម៉ោង២យប់បំពានច្បាប់បម្រាមគោចរ ហើយទឹក ប្រាក់ពិន័យសរុបដល់ទៅ១៤.០០០ដុល្លារអូស្ត្រាលី ៕

ដោយ៖ធីរីណា(រូបភាព៖ THX/TTXVN)


ចែករំលែក៖