ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានគណបក្សស្រុក ក្រុងទាំងអស់ នៅគេហដ្ឋាន លោកកិត្តិនីតិកោសលបណ្ឌិត ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍ បើកកិច្ចប្រជុំរួចមក អង្គប្រជុំបាន ដំណើរការដោយ លោកកិត្តិនីតិ កោសលបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ ផ្តល់អនុសាសន៍ដឹកនាំ និងអង្គប្រជុំបានពិភាក្សាអំពីការងារចាំបាច់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរេីស ក្រុមបឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលការងារថ្មីចំពោះមុខ គណបក្សខេត្តត្រូវអនុវត្តតាមសេចក្តីណែនាំ ស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលល្អ និងធានាទទួលបានជ័យជំនះតាមការបេ្តជ្ញាចិត្តរបស់គណបក្ស ៕
ដោយ៖ សិលា