ក្លិបហង្សក្រហម Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិស្វីស Xherdan Shaqiri ទៅឱ្យក្លិបបារាំង Lyon ក្នុងតម្លៃ៩.៥លានផោន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ សីហានេះ។
កីឡាករវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយហង្សក្រហមពីក្លិប Stoke ក្នុងកិច្ចព្រមព្រៀងតម្លៃ១៣លានផោនក្នុងឆ្នាំ២០១៨ បានចាប់ផ្តើមការប្រកួតតែ៥ប្រកួតប៉ុណ្ណោះនៅ Premier League ក្រោមការដឹកនាំរបស់លោក Jurgen Klopp កាលពីរដូវកាលមុន។ Shaqiri មិនបានចូលរួមក្នុងការប្រកួតលីគរបស់ក្លិបណាមួយឡើយនៅរដូវកាលនេះ។
អតីតខ្សែប្រយុទ្ធក្រុម Bayern Munich និង Inter Milan រូបនេះបានជួយក្រុមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និង Champions League អំឡុងពេលដែលលោកនៅទឹកដី Anfield ។
ក្លិប Lyon បានអះអាងថា កីឡាកររូបនេះបានមកដល់ទឹកដីបារាំងកាលពីថ្ងៃអាទិត្យមុនពេលទៅពិនិត្យសុខភាពនៅថ្ងៃចន្ទនៅពេលដែលការបញ្ចប់បែបបទរដ្ឋបាលចុងក្រោយនឹងប្រព្រឹត្តទៅផងដែរ។
Shaqiri មើលទៅនឹងក្លាយជាកីឡាករហង្សក្រហម Liverpool ទី២ដែលបានផ្លាស់ទៅក្លិបនៅក្របខ័ណ្ឌបារាំង Ligue 1 នៅរដូវក្តៅនេះ ដោយកីឡាករ Georginio Wijnaldum បានចូលរួមជាមួយ Paris St-Germain បន្ទាប់ពីកិច្ចសន្យារបស់ហង្សក្រហមផុតកំណត់។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិស្វីស Xherdan Shaqiri បានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន៩៦លើក និងបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០។ កីឡាកររូបនេះបានស៊ុតបាល់បញ្ចូលទី៨គ្រាប់ ក្នុង៦៣ប្រកួតសម្រាប់ក្រុមហង្សក្រហម Liverpool ដែល៦គ្រាប់បានកើតឡើងក្នុងរដូវកាលដំបូងរបស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)