ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១២គ្រួសារ នៅស្រុកលំផាត់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

ចែករំលែក៖

ខេត្ត​រតនគិរី​៖​ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ចំនួន ១២ គ្រួសារ នៅ ឃុំបាតាង ១០ គ្រួសារ ឃុំជ័យឧត្តម ១គ្រួសារ និងឃុំសេដា ១គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិព្រួ ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងចូលរួមសោកស្តាយចំពោះ ឧប្បទ្ទវហេតុដែលបានកើតឡើង។

ជាមួយគ្នានេះ លោក​ប្រធាន បានអំពាវនាវសូមបងប្អូនទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលបង្ករឱ្យមានគ្រោះថ្នាក់គ្រប់ពេលវេលា ហើយប្រឹងប្រែងប្រកបមុខរបរទទួលទាននៅក្នុងខេត្ត ឱ្យ​បានច្រើនកុំចំណាកស្រុក ដែលបណ្តាលឱ្យមានហានិភ័យក្នុងចម្លងមេរោគកូវីដ-១៩ ដល់ខ្លួនឯង ដល់គ្រួសារ និងសហគមន៍ផងដែរ និងបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​តាមវិធី«រស់នៅធម្មតា តាមបែបគន្លងថ្មី » អនុវត្តវិធានការ ៣កុំ ៣ការពារ ហើយសូមបងប្អូនទាំងអស់រួមទាំងកុមារ ដែលគ្រប់អាយុទទួលវ៉ាក់សាំង សូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ អោយបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូរថែទាំសុខភាព ឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ និងពិសាទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺផ្សេងៗ ។ ម្យ៉ាងវិញទៀត បញ្ហា គ្រោះថ្នាក់ចរាចរណ៍ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វេីដំណេីរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន។

ដោយ​ឡែក​ក្នុង​អំណោយចូលរួមសម្រាលទុក្ខលំបាករបស់គ្រួសារងគ្រោះនាពេលនេះក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ កៅស៊ូតង់១ និងថវិកាសរុបទាំងអស់ ១លាន ម្ភៃប្រាំម៉ឺនរៀល៕

ដោយ៖សហការី


ចែករំលែក៖