ខេត្តបាត់ដំបង៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នៅថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចជំនាញ បានធ្វេីការបង្រ្កាបនិងឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍ដដែល បានបន្ថែមទៀតថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១៦ និង៣០នាទីរសៀល ត្រង់ចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចុះប្រតិបត្តិការ បង្រ្កាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់។
ស្រ្តីជនសង្ស័យខាងលេីនេះឈ្មោះ ខាត់ ជឿន ភេទស្រី អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ដោយឡែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៣ ថង់ សង្ស័យមានសារធាតុ ញៀន។
– ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនលក់ចំនួន ០១។
– ស្លាបព្រាសម្រាប់រំលែកគ្រឿងញៀនលក់ចំនួន ០១។
– ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់តាមនីតិវិធីច្បាប់៕
ដោយ៖អារុណរះ