ព័ត៌មានទាន់ហេតុការណ៍៖

ការ​ព្យាបាល​សត្វ​គោកើត​ជំងឺ​ដុំ​ពក របស់​អ្នកភូមិ​អូរ​លយ នៅក្នុង​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​ ទទួល​បានការបង្រៀនអប់រំ​ផ្សព្វផ្សាយ​ ពីក្រុម​​ពេទ្យសត្វ​ខេត្ត

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖​ បើ​តាមការបញ្ជាក់ពី​មន្ត្រី​ការិយាល័យផលិតកម្ម និង​បសុព្យាបាលនៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃអង្គារ​ទី​២៤ ខែសីហា ឆ្នាំ​២០២១នេះ បាន​ចុះ​សហការ​ជាមួយ មន្ត្រី​ពេទ្យសត្វ​ស្រុក និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ចុះ​ពិនិត្យ​ពី​ស្ថានភាព​ជំងឺឆ្លង ព្រមទាំង​អបរំ ផ្សព្វផ្សាយ ណែនាំ និង​របៀប​ព្យាបាល​ជំងឺ​សត្វ​គោ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​អូរ​លយ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ បន្ទាប់ពី​មាន​ករណី ផ្ទុះ​ជំងឺ​ដុំ​ពក លើ​សត្វ​គោ​នោះ ។​

នាឱកាសនោះ​ អនុប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលខេត្តកំពង់ឆ្នាំង លោក ហ៊ិ​ន លី បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​សត្វ​គោ កើត​ជំងឺ​ដុំ​ពក ក្រោម​ស្បែក សូម​ព្យាបាល និង​ថែរក្សា ដាក់​ដោយឡែក ពី​គេ ដើម្បី​ការពារ​ជំងឺឆ្លង ដុំ​ពក​មួយ​នេះ​។​

បន្ថែមពីនេះ​ លោក​អនុប្រធានការិយាល័យ​ផលិតកម្មរូបនេះ​ បាន​បន្តថា ជំងឺ​ដុំ​ពក នៅលើ​ស្បែក​សត្វ​គោ គឺមាន​លក្ខណៈ​កាច​សាហាវ ដែល​អាច​បណ្ដាល ឱ្យ​គោ​របស់​បងប្អូន​ប្រជាពលរដ្ឋ ងាប់​បាន បើ​បងប្អូន​មិន​យកចិត្តទុកដាក់​ព្យាបាល និង​ថែរក្សា ទាន់ពេល វេលា​នោះទេ ដោយហេតុ​នេះហើយ សូម​បងប្អូន ធ្វើ​ទ្រុង និង​ដាក់​ឲ្យ​សត្វ​គោ ដេក​មាន​ទួល​សុវត្ថិភាព ។ ជាមួយគ្នានេះក្រុមមន្ត្រីជំនាញ​ ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ទ្រុង សត្វ​គោ​របស់​ប្រជាពលរដ្ឋបាន​ចំនួន ១២ ទ្រុងផងដែរ​។

គួរជម្រាបថា​ ចំពោះ​ការផ្សព្វផ្សាយ​នេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ ក៏បាន​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ នូវ​ថ្នាំ​ព្យាបាល និង​ប្រាប់​ពី​វិធី​ព្យាបាល ដោយ​ខ្លួនឯង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​សត្វ​គោ ទាំងនោះ​។​ មិនតែប៉ុណ្ណោះ​សម្រាប់​ថ្ងៃនេះដែរ គឺ​មន្ត្រី​ជំនាញ​ពេទ្យសត្វ បាន​ព្យាបាល​ជំងឺ​សត្វ​គោ​ណា ដែលមាន​លក្ខណៈ ធ្ងន់ធ្ងរ ហើយ​សល់​ប៉ុន្មាន ទុក​ឱ្យ​បងប្អូន អាច​ព្យាបាល​ដោយ​ខ្លួនឯងបាន តាម​ការណែនាំ​របស់​ម​ន្ត្រី​ជំនាញ ពី​វិធី​លាង​របួស និង​ពី​វិធី​លាបថ្នាំ វិធី​ច្រកថ្នាំ និង​ចាក់​ថ្នាំ ជាដើម ។​

គួរបញ្ជាក់ថា​ ប្រជាពលរដ្ឋនៅក្នុង​ភូមិដែល​បាន​ចូលរួម​ស្ដាប់ការពន្យល់​ណែនាំ ដែល​ពួកគាត់មាន​សត្វ​គោ សរុប​ចំនួន ២១២ ក្បាល ក្នុងនោះ​ងាប់ ៤ក្បាល និង​កំពុង​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក ចំនួន ៨៩ក្បាល។ មន្ត្រី​ជំនាញ បាន​ព្យាបាលបាន​មួយចំនួនធំ និង​សល់​ប៉ុន្មាន ទុកឱ្យ​បងប្អូន ព្យាបាល​ដោយ​ខ្លួនឯង៕

ដោយ​៖ អារុណ​រះ


ចែករំលែក៖