ព័ត៌មានទាន់ហេតុការណ៍៖

ចោរគាស់ផ្ទះ និងកូនបំផ្លាញទ្រព្យក្នុងផ្ទះ ៣នាក់ ត្រូវចូលគុកក្នុងថ្ងៃជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹង៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។

ជនសង្ស័យទី១-ឈ្មោះ ប៉ិន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីផ្លោះរបងចូលលួចគាស់ផ្ទះប្រជាពលរដ្ឋបើកសេវាកម្មផ្ទេរ-ដកប្រាក់វីងមួយកន្លែង ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចំនួន២លើក ក្នុងអំឡុងខែកក្កដា និង ខែសីហា ឆ្នាំ២០២១ យកបានទ្រព្យសម្បត្តិមួយចំនួន។

ជនសង្ស័យទី២-ឈ្មោះ ឯក សុខារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាសន្តិសុខ មានស្រុកកំណើតនៅឃុំច្រកពោន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៧ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីគាស់ទ្វារបន្ទប់ជួលលួចយកសម្ភារបានមួយចំនួន នៅចំណុចបន្ទប់ជួលលេខ១៦ ភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យបានសារភាពថា ខ្លួនបាន ធ្វើសកម្មភាពលួចអស់រយៈពេល៣ឆ្នាំមកហើយ និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ថ្មីៗនេះបានចូលលួចក្នុងផ្ទះ ជនជាតិចិននៅម្តុំអូដឹម បានលុយជាងមួយម៉ឺនដុល្លារ និងបានលួចនៅម្តុំបុរីពិភពថ្មីកំបូល បានម៉ូតូ០១គ្រឿង ហើយចុងក្រោយនេះលួចនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនតែម្តង។ជនសង្ស័យទី៣-ឈ្មោះ អាត ហេងឡុង ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្ទះលេខA33 ផ្លូវលំ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីគំរាមកំហែងទារប្រាក់ពីម្តាយបង្កើត និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះជាច្រើនលើក ច្រើនសា ដោយសារជនសង្ស័យនេះបានប្រើប្រាស់គ្រឿងញៀនរហូតគ្រប់គ្រងខ្លួនឯងលែងបាន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖