ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ៤៣ម៉ឺនដូស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២៤ ខែសីហា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ តាមរយៈលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កុមារ និងយុវវ័យ មានចំនួនប្រមាណ៤៣មុឺនដូស រួមមាន៖

-ប្រភេទវ៉ាក់សាំង Sinopharm/Beijin ដូសទី១ មានចំនួន៤៥.២២០នាក់ ស្រី២២.១៤៤នាក់ ដូសទី២ មានចំនួន៤.០០៥នាក់ ស្រី១.២៣០នាក់
-ប្រភេទវ៉ាក់សាំងSinovac លើស១៨ឆ្នាំឡើង ដូសទី១ មានចំនួន ១០៦.៦១៧នាក់ ស្រី៥២.៤៥១នាក់ ដូសទី២ មានចំនួន ៨៦.៥៩៤នាក់ ស្រី៤២.២៤៦នាក់
-ប្រភេទវ៉ាក់សាំង Sinovac អាយុ១២ ដល់១៧ឆ្នាំ ដូសទី១ មានចំនួន ៧៩.២៦០នាក់ ស្រី ៤០.០៤១នាក់
-ប្រភេទវ៉ាក់សាំង Janssen/J&J ដូសទី១ មានចំនួន៩៧.៩៥៣នាក់ ស្រី៥១.៨៥៩នាក់
-ប្រភេទវ៉ាក់សាំង Astrazeneca UK ដុសទី៣ មានចំនួន១៣.១៥៨នាក់ ស្រី៤.៩៧៨នាក់។
រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងបន្តពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត យ៉ាងឆាប់រហ័សនៅតាមបណ្ដាក្រុង/ស្រុកទាំង៧ និងចាក់វ៉ាក់សាំងដូសទី៣ ឫដូសជំរុញ ជូនដល់មន្ត្រីរាជការជួរមុខ ព្រមទាំងចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ។

សរុបការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ មានចំនួន៣២៩.០៥០នាក់ ស្រី១៦៦.៤៩៥នាក់ ដូសទី២ មានចំនួន៩០.៥៩៩នាក់ ស្រី៤៣.៤៧៦នាក់ ដូសទី៣ មានចំនួន ១៣.១៥៨នាក់ ស្រី៤.៩៧៨នាក់ ។

ក្នុងនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ យុវវ័យ និងកុមារទូទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺដល់កាចសាហាវមួយនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មាន ៨៧,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៥,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី ២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៦៦នាក់ ខណៈ ឣ្នកជាសះស្បើយចំនួន ៥១២នាក់ និងករណីស្លាប់ ១៣នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖