ខេត្តព្រះសីហនុ: បើយោងតាមរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់អោយដឹងថា, ៖ កំពស់ទឹកកាន់តែកើនឡើង ដោយ គិតត្រឹមម៉ោង០៨ និង២០នាទីយប់ថ្ងៃអង្គារនេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៤៩មម ។
រដ្ឋបាលខេត្តព្រះសីហនុបាន បានបន្តថា, បើតាមយោងការព្យាករណ៍ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ។
ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់។
ប្រជាពលរដ្ឋនៅក្រុង-ខេត្តព្រះសីហនុ បានរាយការណ៍មកថា ,ភ្លៀងចាប់ផ្ដើមពីម៉ោង៤ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ម៉ោង ៨ និង ៣០នាទីយប់នេះ ភ្លៀងនៅបន្តធ្លាក់ គ្រាន់តែមានល្បឿនខ្សោយជាងពេលរសៀល ទើបបណ្ដាលឱ្យតំបន់មួយចំនួនត្រូវបានជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋក៏ដូចជាផ្លូវគមនាគមន៍ជាដើម។
រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីភ្លៀងធ្លាក់នេះ បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយម បានចេញផ្សាយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឱ្យបងប្អូនមានការប្រុងប្រយ័ត្នចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣១ខែសីហា។
សូមជម្រាបជូនថា, នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ និងកងអន្តរាគមន៍ពិសេសប្រចាំការខេត្ត ចំនួន៣០នាក់ ចុះត្រួតពិនិត្យស្ថានភាព ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍តាមដងផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យជំនន់ទឹកភ្លៀងលិចលង់តាមតំបន់ទំនាបមួយចំនួន នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ
(ចាប់ពីថ្ងៃទី ២៥-៣១ ខែសីហា ឆ្នាំ២០២១ )។ នេះបើយោងតាមសេចក្តី ជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ។
ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា, ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុង កម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្លាបទាប ITCZ សារជាថ្មីផងដែរ ។
អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និង រលកសមុទ្រមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ៕ ដោយ៖ សុខ ខេមរា
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ