ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូធុនធំប៉ះដៃចង្កូតនឹងគូទម៉ូតូឃ្លុបកង់បីធ្វើឱ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធុនធំម៉ាក FZ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យប៉ះដៃចង្កូតនិឹងគូទម៉ូតូឃ្លុបកង់បីបណ្តាលឱ្យដួលបោកទៅនិឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៦១កែងនឹងផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក FZ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GA-8801ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦១ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានប៉ះដៃចង្កូតនិឹងគូទម៉ូតូឃ្លុបកង់បីដឹកទំនិញមួយគ្រឿងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូឃ្លុបកង់បីដឹកទំនិញបានបន្តដំណើរទៅមុខបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំប្រគល់ជូនសាច់ញាតិជនរងគ្រោះវិញ៕

ដោយ៖ ​សុខាសែនជ័យ


ចែករំលែក៖