ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំយកថវិកា និងរង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ប្រគល់ជូន លោកតា តូច មុច ព្រះជន្ម ១០១ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញដំណើរមកខេត្តកំពង់ស្ពឺ ដើម្បីនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកតា តូច មុច ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៨,០១%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៩,០១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
សូមបញ្ជាក់ជូនផងដែរថា , កាលពីម្សិលមុិញអង្គការសុខភាពពិភពលោក (WHO) ជូនឧបករណ៍ សំភារៈ ឡាន បម្រើអោយវិស័យសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ តាមរយៈលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។ ជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត រួមមាន ១) សម្ភារៈប្រព័ន្ធត្រជាក់ រួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខាបន្ទាប់បន្សំ ២)​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន ម៉ាស ចំនួន ១៦០,០០០ ម៉ាស់ ស្រោមដៃចំនួន ១៦០,០០០ និងជែលលាងដៃ ចំនួន​ ៨,៧៥០ដប និង ៣) សម្ភារៈអប់រំសុខភាព ចំនួន ៣០០,០០០ ដែលសរុបជាទឹកប្រាក់ចំនួន ៣២៨, ០៧៦.៥០ ដុល្លារអាមេរិក៕

ដោយ៖ សិលា


ចែករំលែក៖