ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតីក្នុងពិធីផ្ដល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចំនួន១៦នាក់ ស្មើនឹង៣១ក្បាលដី នៅការិយាល័យបម្រើការ នៃទីចាត់ការស្ថាបនាព្រលានយន្តហោះ ស្ថិតនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមជម្រាបជូនថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះ ស្ថិតក្នុងខេត្តកណ្តាល ទំហំ ២៤២៦ ហិកតា និងខេត្តតាកែវ ១៧៤ ហិកតា។
ក្នុងខេត្តកណ្តាល៖ មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន ៤ ឃុំ ស្មើនឹង ១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា ស្មើនឹង ៩៣% នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុង គម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះ ផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលផ្លូវរត់នេះ មានទទឹង ១០០ ម៉ែត្រ បណ្តោយ ៤០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដី ចំនួន ៤០ ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះ ស្រាយជាអាទិភាព។
ឆ្លៀតក្នុងឱកាសនេះ លោក គង់ សោភ័ណ្ឌ សូមបញ្ជាក់ជូនថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ កើតមានឡើងនៅលើទឹកដីកំណើតរបស់ខ្លួន។
នៅពេលខាងមុខ ពេលដែលព្រលានយន្តហោះលេចចេញជារូបរាងឡើង តំបន់នៅជុំវិញនេះ នឹងរីកដុះដាលជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋ នឹងទទួលផលពីការអភិវឌ្ឍ មានជីវភាព ធូរធាគ្រប់ៗគ្នា។
ក្នុងន័យនេះ លោកអភិបាលខេត្ត សូមស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន ចំនួន១១ក្បាលដីទៀត សូមមានការយោគយល់ខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬ លក់ឲ្យព្រលាន ដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរ ការសាងសង់ព្រលាន។
ទន្ទឹមនេះ ស្នើក្រុមហ៊ុនCAIC ត្រូវត្រៀមទីតាំងដី សម្រាប់ដោះដូរ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុក កណ្ដាលស្ទឹង ត្រូវជួយសម្រួល និងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
ជាថ្មីម្តងទៀត ក្នុងរដ្ឋបាលខេត្ត និងក្នុងនាមលោក គង់ សោភ័ណ្ឌផ្ទាល់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង១១ក្បាលដី ដែលមានទីតាំងក្នុងទីតាំងព្រលានយន្តហោះថ្មី សូមអញ្ជើញចូលរួមដោះស្រាយជាមួយក្រុមហ៊ុនសាងសង់ព្រលាន និងអាជ្ញាធរតាមគោលការណ៍របស់រាជរដ្ឋាភិបាល តាមរូបភាពនៃការដោះដូរដី ឬលក់ជូនក្រុមហ៊ុន ដើម្បីជំរុញដោះស្រាយបញ្ចប់បញ្ហា និងពន្លឿនការសាងសង់ព្រលានយន្តហោះ តាមផែនការដែលបានគ្រោងទុក។
ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមធានាអះអាងថា បើបងប្អូនប្រជាពលរដ្ឋយល់ព្រមដូរដី ប្រាកដជាទទួលបានដីពិត ប្រាកដ ប្រជាពលរដ្ឋលក់ដី ពិតជាបានប្រាក់តាមគោលការណ៍កំណត់។ ដោយឡែកក្នុងករណីមិនដូចការអះអាងខាងលើ លោកអភិបាលខេត្ត សូមធានាចេញសងជូនប្រជាពលរដ្ឋវិញ៕
ដោយ៖សហការី