ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​សុខាភិបាល​ថៃ៖​ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩​ស្លាប់​ ២៩៧នាក់បន្ថែមទៀត​,ខណៈ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ជិត​ ២ម៉ឺន​នាក់​ គិត​ត្រឹម​រយៈពេល​២៤ម៉ោងប៉ុណ្ណោះ​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៤១៧ករណី, ខណៈ​អ្នកជំងឺចំនួន ២៩៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ជាក់ស្ដែង​ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,២៧១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៤៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២១,១៨៦នាក់ផ្សេងទៀតក្រោយជាសះស្បើយ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

ប្រទេសថៃ​ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១កន្លងទៅ​នេះ​ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ថៃ​ រហូតមកទល់ពេលនេះបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១០២,៣៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ១០,០៨៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩០៣,០១៥នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖