ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការរដ្ឋាននគរបាលខណ្ឌកំបូលបង្ក្រាបនិងឃាត់ខ្លួន២នាក់ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដែកកាច់កយកម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូលទទួលជំនាញព្រហ្មទណ្ឌបានអោយដឹងថា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌបានអោយលោកដឹកនាំកម្លាំងស្រាវជ្រាវបង្ក្រាបបទល្មើសផ្សេងក្នុងមូលដ្ឋានជាក់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីមានពលរដ្ឋមកដាក់ពាក្យបណ្តឹងករណីបាត់ម៉ូតូ។ ជនរងគ្រោះបានរៀបរាប់ថារូបគាត់ចេញមកពីធ្វើការបានចាក់សោរម៉ូតូទុកនៅខាងមុខបន្ទប់ជួល ហើយបានចូលទៅដេកខាងក្នុងបន្ទប់។ លុះដល់ម៉ោងប្រហែល១២និង៣០នាទី ស្រាប់តែមានជនសង័្សយពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ដោយប្រើឧបករណ៍ដែកកាច់សោរកម៉ូតូដោយបករើដែកកែឆ្នៃអក្សរតេ ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុ ស្របពេលដែលម្ចាស់ម៉ូតូភ្ញាក់ពីដេកក៏ស្រែកឆោឡោចោរៗ ពេលនោះកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលកំពុងល្បាតតាមផ្លូវ ក៏លឺបានដេញតាមស្ទាក់ពីមុខចាប់បានជនសង្ស័យម្នាក់ ហើយម្នាក់ទៀតបានគេចខ្លួនបាត់។
លោកអធិការងបន្តទៀតថា ក្រោយពីការសាកសួររួចជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យដែលបានគេចខ្លួនបាននៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២១ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត។
លោកអធិការរងបានអោយដឹងទៀតថាជនសង្ស័យទី១ ឈ្មោះ ម៉ី ដាវង្ស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។ជនសង្ស័យទី២ ឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ (គ្មានសារធាតុញៀន)។សម្ភារៈចាប់យកមាន ម៉ូតូហុងដាសេ១២៥ របស់ជនរងគ្រោះស្លាកលេខម៉ូតូចំនួន០៥សន្លឹក និងគ្រឿងបន្លាស់មួយចំនួន។
លោកអធិការរងខណ្ឌកំបូលក៏សូមអំពាវនាវរកម្ចាស់ម៉ូតូzoomer ផងបើម្ចាស់បានឃើញហើញសូមមកទំនាក់ទំនងមកអធិការខណ្ឌដើម្បីមើលឯកសារ ដើម្បីស្នើសុំទៅតុលាការយកម៉ូតូមកអោយម្ចាស់បានប្រើប្រាស់វិញ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖