ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ វិស័យសំណង់នៅរាជធានីភ្នំពេញបានដំណើរការទៅដោយរលូន បើទោះបីក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ក្ដី

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វិស័យសំណង់គឺជាវិស័យមួយដែលបាននិងកំពុងដំណើរការយ៉ាងមមាញឹកនៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះវិស័យនេះនៅតែដំណើរការដដែល បើទោះបី ប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះនៅតែដំណើរការទៅមុខ មិនរំខានដោយកូវីដ-១៩ឡើយ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុង កិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយវិស័យឯកជន ពិសេសគឺវិស័យសំណង់នេះតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកឃួង ស្រេង. បានមានប្រសាសន៍លើកឡើងថា ជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ ។ យើងបានធ្វើការងារនេះទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យជំងឺនេះរីករាលដាលធំឡើងដែលយើងគ្រប់គ្រងមិនបាននោះ។

លោកបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយនឹងវិស័យឯកជន យើងបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះមិនឲ្យរីករាលដាលកាន់តែធំនោះទេ។

លោកឃួង ស្រេង បានបន្តថា៖ ការ បង្កើតឱ្យមានកិច្ចប្រជុំឡើងនៅថ្ងៃនេះគឺ យើងមានគោលបំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឲ្យបាន។ មានន័យថា បើទោះបីជំងឺកូវីដ-១៩នៅតែកើតមាន តែសកម្មភាពការងារនានាលើវិស័យសំណង់មិនត្រូវបានផ្អាកដំណើរការនោះទេ។

លោកបានបន្តទៀតថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន សម្ដេចបានខិតខំរកអស់គ្រប់មធ្យោបាយដើម្បីកៀរគរធ្វើយ៉ាងណារកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាឱ្យបានគ្រប់គ្នា ជាមួយនឹងការរក្សានូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្តវិធានការ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុនសែន ធ្វើឱ្យការរីករាលដាលជំងឺកូវីដ-១៩ អាចទប់ស្កាត់បាន។

ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាក៏បានមានប្រសាសន៍លើកឡើងអំពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្ដេច

បានរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ខណៈនៅប្រទេសមួយចំនួននៅអាស៊ីចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់គេមិនទាន់បានប៉ុន្មានភាគរយនៅឡើយ។

អ្នកឧកញ៉ាបានបន្តថា ការចាក់វ៉ាក់សាំង ជាមួយនឹងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យឯកជននៅតែដំណើរការទៅមុខមិនអាក់ខានដោយសារ covid-19នោះទេ។សូមបញ្ជាក់ថា៖ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងាររបស់ការដ្ឋាន កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាតបំផុតផងដែរ ទើបយើងអាចទប់ស្កាត់បានរហូតមកដល់ពេលនេះ៕

ដោយ៖ សំរិត


ចែករំលែក៖