នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៥ ខែសីហា តំណាងគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៃប្រទេសឡាវ បានប្រកាសឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះរកឃើញករណីវិជ្ជមានកូវីដ-១៩ កើនឡើងដល់ទៅ៩៥២នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។
មូលហេតុនៃការឆ្លងកើនឡើងខ្ពស់ គឺដោយសារតែការឆ្លងនៅក្នុងទីតាំងធ្វើចត្តាឡីស័ក ។ តំណាងក្រសួងសុខាភិបាលឡាវបានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លង៩៥២នាក់ គឺមាន៥៨នាក់ឆ្លងក្នុងសហគមន៍ ក្រៅពីនេះគឺការឆ្លងនៅទីតាំងធ្វើចត្តាឡីស័ក និងមន្ទីរឃុំឃាំងនៅតំបន់ភាគខាងត្បូង ប្រទេសឡាវ។
អាជ្ញាធរសុខាភិបាលឡាវ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងចន្ទន៍ថា ការធ្វើតេស្តរកអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន៣,១២៧តេស្ត ត្រូវបានធ្វើឡើងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយលទ្ធផលចេញមកបង្ហាញថា មានករណីវិជ្ជមានចំនួន ៩៥២នាក់ ។
គិតត្រឹមថ្ងៃពុធនេះ ឡាវមានករណីឆ្លងសរុបនៃ COVID-19 កើនដល់ចំនួន១៣,៩០៩នាក់ ក្នុងនោះមានអ្នកស្លាប់១១នាក់ និងជាសះស្បើយ៩,៥៣២នាក់៕ដោយ៖ធីរីណា
រូបភាព៖TTXVN
ប្រភព៖ VOV.VN