ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ អ្នកធាក់សុីក្លូ ៣០០នាក់ទទួលបានអំណោយផ្លែមៀន,អាល់កុល,ជែល,មី និងម៉ាស់ពីមូលនិធិត្រីចក្រយានកម្ពុជាបន្ថែមពីលើ ប្រាក់ឧបត្ថម្ភរាល់ខែ

ចែករំលែក៖

     ភ្នំពេញ៖ អំណោយជាផ្លែមៀន មី ម៉ាស់និងអាល់កុលឬជែលមួយចំនួនត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានចាត់ឱ្យលោកម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយក្រុមការងារប្រគល់ជូនបងប្អូនអ្នកធាក់សុីក្លូចំនួន៣០០នាក់យកទៅហូបចុកនិងការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងកើតមាននៅក្នុងរាជធានីភ្នំពេញនៅឡើយ។

   ការផ្ដល់ជូននូវផ្លែមៀននិងសម្ភារមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ សីហា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

    លោកម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងថា បងប្អូនអ្នកធាក់សុីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗទទួលបានផ្លែមៀនចំនួន២គីឡូក្រាម មី១កេស ម៉ាស់ចំនួន២ប្រអប់ និងអាល់កុលឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ ការពារខ្លួនពីជំងឺកូវីដ-១៩។

  លោកបានបញ្ជាក់ថា  បងប្អូនអ្នកធាក់សុីក្លូទាំង៣០០នាក់នេះតែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជានិងលោកឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ និងលោកអភិបាលរាជធានីភ្នំពេញនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់តែងទទួលបានការឧបត្ថម្ភពីមូលនិធិក្នុងមួយថ្ងៃទទួលបានទឹកប្រាក់ចំនួន ៧០០០រៀលស្មើនឹង២១ម៉ឺនក្នុងមួយខែ។ បន្ថែមពីលើនេះ មូលនិធិក៏តែងតែបានជួយឧបត្ថម្ភជាម៉ាស់ អាល់កុល ជែល និងសម្ភារមួយចំនួនថែមទៀត ជាមួយនិឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ ។ បន្ថែមពីនេះទៀតបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានបណ្ណក្រីក្រ ប.ស.ស. សម្រាប់ការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋដោយមិនអស់លុយផងដែរ។

     លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកាដែលត្រូវបើកជូនបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់នេះគឺយើងបានរៀបចំដោយផ្ញើថវិកាទាំងនេះតាមប្រព័ន្ធផ្ញើលុយវីង ដើម្បីបង្កភាពងាយស្រួលឲ្យពួកគាត់ក្នុងការបើកថវិកាទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់អាចបើកបាន១ដង៕

ដោយ ៖ សំរិត


ចែករំលែក៖