ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពលេចធ្លោ៥រូបរបស់ Miss Grand Cambodia 2021 គឺពោរពេញដោយសមត្ថភាពនិងរូបសម្រស់

ចែករំលែក៖

     ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាភ្ញាក់ផ្អើលមិនតិចនោះទេ ក្រោយពីកម្មវិធីប្រកួតសម្រស់Miss Grand Cambodia 2021បានបង្ហាញសមាសភាពបេក្ខភាពមួយចំនួន។ ក្នុងនោះគេឃើញមានបេក្ខភាពជាច្រើនពោរពេញទៅដោយសមត្ថភាព និងរូបសម្រស់នឹងបង្ហាញមុខនៅលើវេទិកានេះ។ សូម្បីតែអតីតជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់កន្លងមកមួយចំនួនក៏អាចនឹងមានឱកាសខ្ពស់ក្នុងការបង្ហាញមុខនៅលើឆាកមួយនេះផងដែរ។

កម្មវិធីប្រកួត Miss Grand Cambodia 2021 នឹងបញ្ចប់ការទទួលពាក្យជ្រើសរើសនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ខណៈដែលពេលនេះកម្មវិធីបានប្រកាសអំពីសមាសភាពចូលរួមប្រកួតមួយចំនួន ហើយការបោះឆ្នោតយកបេក្ខនារីចំនួន២៥នាក់នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ ខណៈថ្ងៃទី២០ ខែកញ្ញាគឺជាការប្រកួតឈុតហែលទឹក, ថ្ងៃទី២១ ខែកញ្ញា គឺជាកម្មវិធីប្រកួតឈុតតំណាងជាតិ ហើយថ្ងៃទី២២ ខែកញ្ញាគឺជាកម្មវិធីប្រកួតបឋម ខណៈដែលថ្ងៃប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១។ ងាកមកស្គាល់បេក្ខភាព៥រូបដែលកំពុងតែលេចចេញនូវការចាប់អារម្មណ៍ខ្លាំងទាំងលើសមត្ថភាព និងរូបសម្រស់។ 

  ទី១-កញ្ញា ឯម គុណថង៖ នាងជាបេក្ខភាពដ៏គួរឲ្យចាប់អារម្មណ៍ និងពោរពេញដោយថាមពល។ នាងក៏ជាអតីតMiss Earth Cambodia 2017 ដែលធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ។ នាងក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងពេញចិត្តមិនតិចនោះទេក្រោយបង្ហាញមុខជាថ្មីលើវេទិកាប្រកួតមួយនេះ ហើយនាងក៏ត្រូវគេសង្ឃឹមខ្ពស់ក្នុងការចាប់បានតំណែងណាមួយក្នុងកម្មវិធីប្រកួតខាងលើនេះ។

   ទី២-កញ្ញាភឹម ស្រីនោ ៖ នាងធ្លាប់បានបង្ហាញមុខម្តងរួចមកហើយក្នុងកម្មវិធីប្រកួតកាលពីឆ្នាំមុន។ ប៉ុន្តែមកលើកនេះនាងកំពុងច្បាមបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការផ្លាស់ប្តូរទាំងរូបសម្រស់ និងសមត្ថភាព។ បទពិសោធន៍ និងរូបសម្រស់ដ៏គួរឲ្យទាក់ទាញនោះនាងអាចនឹងឈានជើងចូលក្នុងលំដាប់ខ្ពស់ណាមួយ ប្រសិនបើលើកនេះនាងអាចធ្វើបានល្អច្រើនជាងមុនច្រើននោះ។

   ទី៣-កញ្ញាកែវ សេងលីហួរ៖ ជាជើងខ្លាំងមួយដែរសម្រាប់វេទិកាMiss Grand Cambodia ឆ្នាំនេះ លីហួរ ជាអតីតបវរកញ្ញាឯកផែនដីឆ្នាំ២០១៨។ នាងធ្លាប់បានចូលរួមប្រកួតកញ្ញាឯកអន្តរជាតិនៅក្នុងប្រទេសហ្វីុលីពីន ហើយមកលើកនេះនាងបានផ្លាស់ប្តូរច្រើន ពិសេសលើរូបសម្រស់ ។ អ្នកគាំទ្រនាងក៏បានដាក់ក្តីរំពឹងដែរថានាងនឹងមានសង្ឃឹមខ្ពស់ក្នុងការដណ្តើមបានតំណែងណាមួយជាក់ជាមិនខាន។ 

   ទី៤-កញ្ញាសុខរ៉ាត់ ចារៈកន ៖ នាងមានកម្ពស់ខ្ពស់ស្រឡះផុតអស់បេក្ខភាពដទៃ ទៀត ទម្រង់មុខនិងសមត្ថភាពសិល្បៈរបស់បេក្ខភាពរូបនេះកំពុងឆក់បានការចាប់អារម្មណ៍មិនតិចទេពីអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ គួបផ្សំនិឹងសមត្ថភាពសិល្បៈផងនោះ បានធ្វើឲ្យគណនីហ្វេសប៊ុកធំៗនិយាយពីកញ្ញាឯកនេះថា នាងជាបេក្ខភាពដ៏មានសក្តានុពល ហើយប្រសិនបើនាងប្រឹងប្រែងធ្វើបានល្អក្នុងវគ្គនីមួយៗនោះច្បាស់ណាស់នាងនឹងគ្រងតំណែងណាមួយជាក់ជាមិនខាន។

   ទី៥-កញ្ញាប៉ូ គីមថេង សុធីតា៖ នាងជាតំណាងកម្ពុជាទៅប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ នៅហ្វីុលីពីន។ ក្រៅពីធ្លាប់ប្រឡូកយ៉ាងជោកជាំក្នុងវិស័យកញ្ញាឯក នាងក៏ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈសម្តែងផងដែរ។ អ្នកគាំទ្រនាងជាច្រើនរំពឹងថា នាងនឹងអាចទទួលបានតំណែងណាមួយក្នុងកម្មវិធីប្រកួតនេះប្រសិនបើនាងប្រឹងប្រែងអស់ពីលទ្ធភាព។

  ទោះជាយ៉ាងណានេះគឺគ្រាន់តែជាជំហានដំបូងនៃការបង្ហាញរូបថតបេក្ខភាពប៉ុណ្ណោះ ក៏នៅមានបេក្ខភាពជាច្រើនរូបទៀតដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ ចំណេះដឹង និងបទពិសោធន៍ ដែលវេទិកាប្រកួតក៏នឹងអាចរំលេចបេក្ខភាពលេចធ្លោណាថ្មីបន្ថែម និងអាចឆក់បានការគាំទ្រខ្លាំងគ្រប់ពេលវេលាពីទស្សនិកជន ហើយគេនៅបន្តរង់ចាំតាមដានបន្តទៀតផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖