ក្រោយពេលក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងរដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ខែសីហា ដែលជាពេលវេលាក្រុមនេះឡើងដឹកនាំប្រទេសអាហ្វហ្គានីស្ថានវិញ។ ប្រទេសជុំវិញពិភពលោកបានខិតខំជម្លៀសពលរដ្ឋរបស់ខ្លួនចេញឲ្យបានមុនពេលកំណត់គឺនៅថ្ងៃទី ៣១ខែសីហា ។
ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់បានជម្លៀសមនុស្សចំនួន ១,២០០នាក់បន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាន ចំពេលស្ថានភាពនៅទីនោះកាន់តែអាក្រក់ទៅៗហើយ។ ជាមួយគ្នានេះដែរ ប្រទេសបារាំង ក៏បានបន្តជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថានឲ្យអស់នៅថ្ងៃទី២៧ខែសីហាដែរ។
នៅថ្ងៃទី២៧ខែសីហា នាយករដ្ឋមន្ត្រីបារាំង លោកJean Castex បានថ្លែងថា ប្រទេសបារាំងនឹងលែងបានជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន បានតទៀតហើយ ក្រោយល្ងាចថ្ងៃ២៧ខែសីហា។
នាយករដ្ឋមន្ត្រី Castex បានថ្លែងប្រាប់វិទ្យុបារាំង RTL ថា «ចាប់ពីយប់ថ្ងៃទី២៧ខែសីហា សប្តាហ៍នេះ យើងនឹងលែងអាចធ្វើប្រតិបត្តិការជម្លៀសមនុស្សពីព្រលានយន្តហោះកាប៊ុលទៀតហើយ»។ យោងតាមលោក Castex មូលហេតុចម្បង គឺដោយសារការដកកងទ័ពអាមេរិកនៅថ្ងៃទី៣១ ខែសីហា ខណៈបច្ចុប្បន្នកងទ័ពអាមេរិកកំពុងគ្រប់គ្រងនិងធានាសន្តិសុខនៅព្រលានយន្តហោះ។
ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហាមក មនុស្សរាប់ពាន់នាក់ បាននិងកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសនេះ។ គិតមកទល់ឥឡូវ បារាំងជម្លៀសជនជាតិអាហ្វហ្គានីស្ថានបានជាង ២,០០០នាក់ និងជនជាតិបារាំងផ្ទាល់បាន១០០នាក់៕ដោយ៖ធីរីណា
រូបភាព៖EPA