ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងសង្ស័យចាំងភ្លើងហ្វារថយន្តដែលបើកបរខាងមុខបណ្តាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងជាប់និងផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AQ 8496បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំដៃ ដោយសង្ស័យថាចាំងជាមួយនឹងភ្លើងហ្វារថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នានៅពីខាងមុខបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ រថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដោយពិនិត្យជាក់ស្ដែង ទៅឃើញថាមិនបណ្ដាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវនោះទេ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តខាងលើទាក់ទងទៅខាងរថយន្តស្ទូច ដើម្បីស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
ដោយ៖និនសុភ័ស្ត