Venus Williams បានចូលរួមជាមួយប្អូនស្រី Serena Williams ក្នុងការដកខ្លួនចេញពីព្រឹត្តិការណ៍ US Open ខណៈការប្រកួត Grand Slam ចុងក្រោយនៃឆ្នាំនេះបានបាត់បង់កីឡាករល្បីៗពីររូបផ្សេងទៀត។
Serena វ័យ៣៩ឆ្នាំបានសរសេរនៅក្នុងបណ្តាញសង្គមមួយកាលពីថ្ងៃព្រហស្បតិ៍ថា នាងត្រូវការពេលវេលាដើម្បីអនុញ្ញាតឱ្យរាងកាយរបស់នាងជាសះស្បើយទាំងស្រុងពីរបួសសរសៃពួរ។ ចំណែក Venus មានវ័យ៤១ឆ្នាំបានដកខ្លួនចេញប៉ុន្មានម៉ោងក្រោយមកដោយរបួសជើង។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣ ដែលមិនមានបងប្អូនស្រី Williams បានបង្ហាញខ្លួននៅឯកម្មវិធី Flushing Meadows ។
ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហាក៏នឹងអវត្តមានម្ចាស់ជើងឯកបុរស Dominic Thiem, Roger Federer និង Rafael Nadal ផងដែរ។
Serena បានសរសេរនៅលើបណ្តាញសង្គម Instagram ថា “បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ និងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យខ្ញុំបានសំរេចចិត្តដកខ្លួនចេញពីកម្មវិធី US Open ដើម្បីឱ្យរាងកាយរបស់ខ្ញុំបានជាសះស្បើយទាំងស្រុងពីរបួសសរសៃពួរ។ ញូវយ៉កគឺជាទីក្រុងគួរឱ្យរំភើបបំផុតមួយនៅលើពិភពលោក និងជាកន្លែងដែលខ្ញុំចូលចិត្តលេងបំផុត ខ្ញុំនឹងខកខានជួបអ្នកគាំទ្រ ប៉ុន្តែនឹងអបអរសាទរពីចម្ងាយ។ សូមអរគុណចំពោះការបន្តស្រលាញ់ និងគាំទ្រខ្ញុំនឹងជួបគ្នាឆាប់ៗនេះ”។
Serena បានរងរបួសសរសៃពួររបស់នាងអំឡុងពេលការប្រកួតជុំទី១ របស់នាងនៅ Wimbledon កាលពីខែមិថុនានៅពេលដែលម្ចាស់ជើងឯក៧សម័យត្រូវបង្ខំចិត្តចូលនិវត្តន៍ជាមួយ Aliaksandra Sasnovichជនជាតិបេឡារូស។
ចំណែក Venus ដែលជាម្ចាស់ជើងឯក US Open ពីរដង និងជាម្ចាស់ពានរង្វាន់ Grand Slam ៧ដងបាននិយាយថា របួសជើងបានធ្វើឱ្យប៉ះពាល់ដល់នាងពេញមួយរដូវក្តៅ។ នាងបានចាញ់ការប្រកួតបើកឆាករបស់នាងនៅឯព្រឹត្តិការណ៍កីឡាស្ត្រីឈីហ្គាហ្គោកាលពីថ្ងៃចន្ទ ហើយមិនបានឆ្លងផុតពីការប្រកួតជុំទី២ នៃការដណ្តើមពានរង្វាន់ឆ្នាំនេះទេ។
Venus បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ពេលនេះខ្ញុំមិនអាចធ្វើអព្ភូតហេតុណាមួយបានទេ។ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពនៅទីនេះនៅទីក្រុងឈីហ្គាហ្គោ ប៉ុន្តែខ្ញុំមិនអាចរកឃើញជ័យជម្នះនោះទេ។ ពេលនេះជើងរបស់ខ្ញុំកំពុងមានបញ្ហា ត្រូវការពេលវេលាដើម្បីព្យាបាលវា” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)