ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃសុក្រ ០៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី ដល់ម៉ោង១១ និង០០នាទីព្រឹក ដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមការងារឆ្លើយតបបន្ទាន់ ចុះមកវាយតម្លៃកម្រិតហានិភ័យ ទីរួមផ្សារធំថ្មី ស្ថិតនៅផ្លូវលេខ៦៧ កែង មហាវិថីកម្ពុជាក្រោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលេីនេះ ជាលទ្ធផល កម្រិតហានិភ័យស្មើនឹង ១១.៧៦% គណៈកម្មការចម្រុះ សម្រេចបន្តបិទខ្ទប់ទីតាំងតូបលក់ដូរ G01-061 ដល់ 065 រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ រង់ចាំលទ្ធផល PCR រីឯអ្នកពាក់ព័ន្ធដែលបានយកសំណាកទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែសីហាម្សិលមិញនេះ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺ កូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថា៖ ករណីកូវីដ-១៩ បំប្លែងថ្មី Delta នៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ១៥ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានទៅទីតាំងខាងលើ ប៉ះពាល់ផ្នែកខាងលិចផ្សារ។
អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺ កូវីដ-១៩, លទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ០៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ-១៩ បំប្លែងថ្មី Delta។
ជាមួយគ្នានេះ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺ កូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!៕
ដោយ៖ស តារា